ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រសិនបើផែនការដំណើរការ ដូចការគ្រោងទុក គម្រោងសាងសង់ផ្លូវដែករូងក្រោមដី Gateway Hudson ដែលតភ្ជាប់រវាងទីក្រុងញូវយ៉ក New York និងរដ្ឋ New Jersey នៅសហរដ្ឋអាមេរិក អាចនឹងបើកការដ្ឋានសាងសង់ ក្នុងពេលឆាប់ៗនេះ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក្រុមមន្ត្រីអាមេរិកបានប្រកាសថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានប្តេជ្ញាបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់រាប់សិបពាន់លានដុល្លារ ដើម្បីជួយជំរុញគម្រោងនេះឱ្យឆ្ពោះទៅមុខ។
លោក Pete Buttigieg រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាមេរិក បានលើកឡើងថា “ដោយប្រើប្រាស់ទុនវិនិយោគពីច្បាប់កញ្ចប់ថវិកាហេដ្ឋារចនាសម្ព័ន្ធ យើងគ្រោងសាងសង់ផ្លូវរូងក្រោមដីថ្មីមួយ ដែលនឹងជួយសម្រួលការធ្វើដំណើរ តាមរថភ្លើងសម្រាប់ពលរដ្ឋអាមេរិករាប់លាននាក់ និងស្តារឡើងវិញនូវច្រករបៀងផ្លូវដែក ដែលមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់សេដ្ឋកិច្ចអាមេរិក”។
យ៉ាងណាមិញ ផ្លូវរូងក្រោមដីនេះ មានអាយុកាលចំនួន១១០ឆ្នាំមកហើយ ប៉ុន្តែផ្លូវនេះ បានរងការខូចខាតក្នុងព្រឹត្តិការណ៍ព្យុះ Superstorm Sandy កាលពីឆ្នាំ២០១២។ ហេតុនេះ សហរដ្ឋអាមេរិក គ្រោងជួសជុលផ្លូវរូងក្រោមដីនេះ ឡើងវិញ ព្រមទាំងសាងសង់ផ្លូវថ្មី និងផ្លូវទំនើបបន្ថែមទៀត នៅក្បែរផ្លូវចាស់ ដែលមានស្រាប់។
យោងតាមស្ថានីយ៍ទូរទស្សន៍ NBC New York បានរាយការណ៍ឱ្យដឹងថា បច្ចុប្បន្ន ក្រុមការងារវិស្វករកំពុងដំឡើងឧបករណ៍ជីកខួងដី នៅលើផ្លូវ West 30th Street នៅសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉ក ខណៈការប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ អាចនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៥ខាងមុខ ស្របពេលគម្រោងនេះគ្រោង នឹងបើកដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០៣៥។
គម្រោងនេះរួមមាន ការរចនា និងហេដ្ឋារចនាសម្ព័ន្ធដ៏ស្មុគស្មាញជាច្រើនផ្សេងៗទៀត ដូចជា ការកសាងភាពធន់ និងប្រព័ន្ធការពារប្រតិបត្តិការផ្លូវដែក ប្រឆាំងនឹងវិបត្តិអាកាសធាតុធ្ងន់ធ្ងរ នាពេលអនាគត ការគ្រប់គ្រងទឹកជំនន់ និងការបង្កើតបរិយាកាស ឱ្យកាន់តែមានសុវត្ថិភាពជាងមុន សម្រាប់សាធារណៈជន ជាពិសេសក្នុងករណី មានការជម្លៀសមនុស្សចេញ៕ប្រភព: Time Out៕