ដោយ: គង់ លាងហួរ
បាងកក: អាជ្ញាធរផ្លូវល្បឿនលឿនថៃ (EXAT) បានប្រកាសគម្រោងសាងសង់ផ្លូវក្រោមដី នៅរាជធានីបាងកក ក្នុងទំហំទុនវិនិយោគចំនួន៥០ពាន់លានបាត (ប្រហែល១,៣៨ពាន់លានដុល្លារ)។ នេះបើយោងតាមសារពត៌មាន Thaiger។
គម្រោងផ្លូវក្រោមដីនេះ គ្រោងតភ្ជាប់រវាងសង្កាត់Kaset និងសង្កាត់Ngamwongwan ខណៈអាជ្ញាធរគ្រោងប្រមូលមតិផ្សេងៗ ពីសាធារណៈជន លើការអភិវឌ្ឍន៍គម្រោងនេះ ដើម្បីយកទៅពិចារណា និងធ្វើការវាយតម្លៃផលប៉ះពាល់នានា។
លោក Surachet Laophulsuk ប្រធានអាជ្ញាធរផ្លូវល្បឿនលឿនថៃបានលើកឡើងថា “យើងគ្រោងបញ្ចប់ការសិក្សាលទ្ធភាពលើការសាងសង់ គម្រោងប្រព័ន្ធផ្លូវល្បឿនលឿនភាគខាងជើង នាដំណាក់កាលទី៣ នៅក្នុងឱកាសនៃការបើកវេទិកាជជែកដេញដោលជាសាធារណៈលើកទី៣”។
គម្រោងផ្លូវក្រោមដី ដែលមានចម្ងាយប្រវែង៦,៧គីឡូម៉ែ ត្រនេះ នឹងមានចំណុចចាប់ផ្តើម នៅត្រង់ចំណុចប្រសព្វរវាងផ្លូវល្បឿនលឿន Sri Rat Expressway និងផ្លូវ Ngamwongwan Road ដោយឆ្លងកាត់ផ្លូវប្រសព្វ Phong Phet ផ្លូវ Vibhavadi Rangsit និងផ្លូវប្រសព្វ Kaset Intersection រួចបន្តទៅកាន់ផ្លូវ Prasert-Manukit និងតភ្ជាប់បន្តទៀតទៅកាន់កំណាត់លេខ២(N2) នៃគម្រោងផ្លូវល្បឿនលឿនភាគខាងជើងនាដំណាក់កាលទី៣ (Northern Expressway Phase 3)។
លោក Surachet បានគូសបញ្ជាក់ដាច់ដោយឡែកថា កំណាត់ N2 នៃគម្រោងផ្លូវក្រោមដី ភាគខាងជើងដំណាក់កាលទី៣ ដែលនឹងចាប់ផ្តើមសាងសង់ ចេញពីចំណុចផ្លូវ Prasert-Manukit ឆ្ពោះទៅកាន់ភាគខាងកើត នៃផ្លូវក្រវ៉ាត់ក្រុងបាងកក មានចម្ងាយប្រវែង១១,៣គីឡូម៉ែត្រ និងត្រូវការទុនវិនិយោគប្រមាណ ១៦,៩៦ពាន់លានបាត។
ការប្រកាសសាងសង់ផ្លូវរូងក្រោមដីថ្មីនេះ មានគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ នៅទីក្រុងបាងកកដោយផ្តល់នូវការ ធ្វើដំណើរកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយពេលវេលាធ្វើដំណើរយ៉ាងច្រើន។
គំនិតផ្តួចផ្តើមនេះ មានទិសដៅស្របតាមគោលបំណងនៃការពង្រឹងហេដ្ឋា រចនាសម្ព័ន្ធរបស់ទីក្រុងបាងកក ដើម្បីសម្របតាមកំណើនប្រជាជន និងការអភិវឌ្ឍន៍ទីក្រុង៕ប្រភព: Thaiger៕