ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសម៉ាឡេស៊ីបានអះអាងថា ខ្លួនគ្រោងចុះកិច្ចព្រមព្រៀងជាមួយសិង្ហបុរី ក្នុងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសឆ្លងដែនដំបូងគេ ក្នុងតំបន់អាស៊ាន ខណៈប្រទេសទាំង២នេះសង្ឃឹមថា តំបន់នេះនឹងទាក់ទាញការវិនិយោគថ្មី និងជំរុញកំណើនសេដ្ឋកិច្ច។
លោក Rafizi Ramli រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដែលតំណាងឱ្យប្រទេសម៉ាឡេស៊ី ក្នុងកិច្ចពិភាក្សាទ្វេរភាគី ជាមួយសិង្ហបុរី បានថ្លែងនៅក្នុងសន្និសីទសារពត៌មានមួយថា “យើងបានឈានទៅដល់ការងារចុងក្រោយមួយចំនួន។ ភាគីទាំងពីរគួរតែអាចចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ នៅក្នុងខែកញ្ញា ឆ្នាំនេះ”។
លោក Onn Hafiz Ghazi អភិបាលរដ្ឋ Johor ដែលជាតំបន់សម្រាប់ការអភិវឌ្ឍន៍ គម្រោងទ្វេរភាគីនេះ បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា ការរៀបចំភូមិសាស្ត្រ នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ជិតត្រូវបានបញ្ចប់រួចរាល់ទៅហើយ”។
ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីបានចុះហត្ថលេខាលើ អនុស្សរណៈយោគ យល់គ្នាមួយ (MoU) ដើម្បីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសទ្វេរភាគី នៅក្នុងខែមករា ឆ្នាំនេះ ក្នុងគោលបំណងជំរុញឱ្យមានការដោះដូរទំនិញ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងរដ្ឋ Johor និងប្រទេសសិង្ហបុរី។
លោក Rafizi បានគូសបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនឹងធ្វើឡើង មុនពេលមានជំនួប រវាងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim និងលោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong នៅចុងឆ្នាំនេះ។
រដ្ឋJohor របស់ប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី មានព្រំប្រទល់ជាប់គ្នា និងត្រូវបានតភ្ជាប់គ្នា តាមរយៈផ្លូវគោក ដែលមានចរាចរណ៍ដ៏មមាញឹកបំផុត។ ប្រជាជនម៉ាឡេស៊ីរាប់រយពាន់នាក់ ដែលរស់នៅក្នុងរដ្ឋមួយនេះ បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីធ្វើការជារៀងរាល់ថ្ងៃ៕ប្រភព:Bloomberg៕