ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកប ដោយការប្ដេជ្ញាចិត្តខ្ពស់សំដៅក្នុងការឈានបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល៥ឆ្នាំ។
ជាក់ស្តែងរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន ៥០គម្រោង សម្រាប់រយ:ពេល ៥ឆ្នាំ សំដៅបញ្ចប់ និងកាត់បន្ថយបញ្ហាប្រឈមទឹកជំនន់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបច្ចុប្បន្នគម្រោងចំនួន១៣ បាននិងកំពុងអនុវត្តន៍ ក្នុងតំបន់ ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពុន តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែក ជាដើម ។
គម្រោងទាំង១៣នេះ ផ្ដោតលើ គម្រោងពង្រីកស្ថានីយ៍បូមទឹកឱ្យបានធំជាងមុន មានដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់សម្រង់កាយ សម្រាមនៅបឹងត្របែក ការដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ជាដើម។
គិតមកដល់ពេលនេះ ការអនុវត្តគម្រោង១៣ នេះ សម្រេចបាន៦.៥% ហើយ អាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកងម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុននិងតំបន់ផ្សារដើមគរ ។
បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមបញ្ចេញគ្រឿងចក្រ ធ្វើការកាយប្រឡាយ តាមបណ្តោយផ្លូវជាតិលេខ៣ឱ្យបានធំទូលាយ និងមិនអនុញ្ញាតឱ្យមានការកាយដាក់លូតូចៗ ខុសស្តង់ដាបច្ចេកទេសឡើយ ដែលវានឹងនាំអោយស្ទះផ្លូវទឹក ដែលបង្កអោយមានការលិចលង់ ដោយជំនន់ទឹកភ្លៀង។ រដ្ឋបាលរាជធានីភ្នំពេញរៀបចំខាងក្នុង ក្រសួងធនធានទឹក និងឧតុនិយមរៀបចំខាងក្រៅ ទប់ស្កាត់បរិមាណទឹកហូរចូលរាជធានីតាមទឹកស្ទឹងព្រែកត្នោត ហើយក៏សូមមានការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ ពិសេសបងប្អូនប្រជាជនទាំងអស់គ្នា៕