សម្តេចតេជោហ៊ុន សែន ជួបសំណេះសំណាលជាមួយសិក្ខាកាមវ័យក្មេងកម្ពុជា-ឡាវ-វៀតណាម

ដោយៈ គង់ ម៉ាលីន
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យសិក្ខាកាមទាំង ៥០រូបនៃវគ្គបណ្តុះបណ្តាល ថ្នាក់ដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែនកម្ពុជា-ឡាវ-វៀតណាម ចូលជួបសម្តែងការគួរសម និងសំណេះសំណាល នៅវិមាន៧មករា រាជធានីភ្នំពេញ។

ការជួបសំណេះសំណាលកាលពីថ្ងៃម្សិលម៉ិញនេះ គឺបានបញ្ជាក់យ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះវគ្គបណ្តុះបណ្តាល ថ្នាក់ដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម និងសិក្ខាកាម ក៏ដូចជាធ្វើឱ្យទំនាក់ទំនងមិត្តភាព សាមគី្គភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែងរវាងគណបក្សនៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាមកាន់តែប្រសើរឡើងថែមទៀត។

តាមការឯកភាពគ្នាជាឯកច្ឆ័ន ពីប្រមុខដឹកនាំនៃគណៈបក្សទាំងបី គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកថងលុន ស៊ីសូលីត អគ្គលេខាធិការបក្ស ប្រជាជនបដិវត្តន៍ឡាវ និងលោកង្វៀន ហ្វូជុង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២១ គណបក្សប្រជាជនកម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាល ថ្នាក់ដឹកនាំវ័យក្មេងគណបក្ស ខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី ជាលើកទី២នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

វគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេង គណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម ដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះថ្នាលយុវជនឆ្នើម ដើម្បីចូលរួមកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីវឌ្ឍនភាពនិងវិបុលភាពសម្រាប់ប្រជាជន នៃប្រទេសយើងទាំងបី និងបណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ ទទួលបានបទពិសោធន៍ពីវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេង និងបានឃើញជាក់ស្តែងនូវសមិទ្ធផលសង្គមជាតិ៕