ដោយៈ ម៉ាលីនណា
កំពង់ឆ្នាំងៈ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ បានអញ្ជើញផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែរទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសាមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស” ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅខេត្តកំពង់ឆ្នាំង។
ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការដាក់ចេញនូវកម្មវិធីថ្នាក់ជាតិស្តីពី របបសន្តិសុខសង្គមផ្នែកថែរទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺជាគោលនយបាយសំខាន់២ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យប្រជាពលរដ្ឋទទួលបានការថែទាំសុខភាពកាន់តែប្រសើរ និងមានវិសាលភាពគ្របដណ្តប់យ៉ាងទូលំទូលាយ រួមទាំងការផ្តល់ជំនាញវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋក្នុងគោលបំណង បង្កើតឱ្យពលរដ្ឋមានការងារសមរម្យ និងជីវភាពកាន់តែប្រសើរ។
លោកបញ្ជាក់ថា “មានតែក្នុងអាណត្តិរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីប៉ុណ្ណោះ ដែលការផ្តល់របបសន្តិសុខសង្គម ដែលមានទាំង៣របប គឺរបបថែទាំសុខភាព របបហានិភ័យការងារ និងរបបសោធននិវត្តន៍ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ ទាំងមន្ត្រីរាជការ និងពលរដ្ឋក្នុងវិស័យឯកជន”។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានលើកឡើងពីអត្ថប្រយោជន៍ នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនក្រុមគ្រួសារក្រីក្រ និងងាយរងហានិភ័យដែលនឹងទទួលបានការបណ្តុះបណ្តាល ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀល ក្នុងមួយខែជាមួយនឹងភាពបត់បែន នៃកាលវិភាគសិក្សាដែលមានចំនួនរហូត ទៅដល់៧វេន ហើយរាជរដ្ឋាភិបាល ធានាផ្តល់ការងារធ្វើដែលមានប្រាក់ឈ្នួលសមរម្យ។
ដើម្បីឱ្យកម្មវិធីទាំងពីរនេះជោគជ័យ លោកហេង សួរបានលើកទឹកចិត្តដល់មន្ត្រីសាធារណៈ គ្រប់លំដាប់ថ្នាក់ជំរុញការផ្សព្វផ្សាយពីអត្ថប្រយោជន៍ នៃកម្មវិធីទាំងពីរទៅកាន់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងគ្រប់មុខសញ្ញាឱ្យបានយល់ពីកម្មវិធីរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងគោលបំណងបង្កើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ និងកាត់បន្ថយនូវការចំណាយរបស់ប្រជាពលរដ្ឋ ដែលជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕