ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌា របស់លោកនាយករដ្ឋមន្រ្តី Narendra Modi កំពុងរៀបចំគោលនយោបាយសម្រាប់ជំរុញការសាងសង់កប៉ាល់ពាណិជ្ជកម្ម នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែក លើការបញ្ជាទិញពីបរទេស។
ជាក់ស្តែង រដ្ឋាភិបាលរបស់លោក Modi គ្រោងតម្រូវឱ្យក្រុមហ៊ុនឥណ្ឌា ប្រើប្រាស់តែកប៉ាល់ដឹកជញ្ជូនទំនិញ ដែលផលិតក្នុងស្រុក ទើបអាចចុះឈ្មោះ ដើម្បីធ្វើប្រតិបត្តិការនៅតាមឆ្នេរសមុទ្រ និងផ្លូវទឹកចាប់ពីឆ្នាំ២០៣០ខាងមុខតទៅ។
យោងតាមក្រុមមន្ត្រី និងថ្នាក់ដឹកនាំឧស្សាហកម្មឯកជនបានឱ្យដឹងថា សំណើនេះគឺជាផ្នែកមួយ នៃកិច្ចពិភាក្សាក្នុងសិក្ខាសាលាស្តីពី ការស្តារឡើងវិញនូវឧស្សាហកម្ម សាងសង់កប៉ាល់ឥណ្ឌា នៅទីក្រុងញូវដេលី ដែលរៀបចំឡើងដោយក្រសួងកំពង់ផែ ដឹកជញ្ជូន និងផ្លូវទឹក (MoPSW)។
នៅក្នុងសម័យប្រជុំនោះ ក្រុមមន្ត្រីរដ្ឋាភិបាលឥណ្ឌាកំពូលៗបានសង្កត់ធ្ងន់ អំពីតម្រូវការជាចាំបាច់ ដើម្បីជំរុញធ្វើយ៉ាងណាឱ្យមានការបង្កើនការផលិត និងការប្រើប្រាស់កប៉ាល់ក្នុងស្រុក ដើម្បីដឹកជញ្ជូនទំនិញតាមផ្លូវទឹក។
យោងតាមការប៉ាន់ប្រមាណ របស់ក្រុមហ៊ុនប្រឹក្សាយោបល់ហិរញ្ញវត្ថុ KPMG បានបង្ហាញថា បច្ចុប្បន្ន សមត្ថភាពរបស់ប្រទេសឥណ្ឌា ក្នុងការកសាងកប៉ាល់ ស្ថិតនៅលំដាប់រៀងទី២០នៅលើពិភពលោក ខណៈចំណែករបស់ឥណ្ឌា ក្នុងការកសាងកប៉ាល់ ស្ថិតក្នុងរង្វង់ត្រឹមតែ០,០៦ភាគរយប៉ុណ្ណោះ នៃចំណែកផលិតកម្មសរុបជាសកល។
មន្ត្រីជាន់ខ្ពស់ឥណ្ឌាលើកឡើងថា “ទោះបីជាយើងបានជំរុញខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងផ្លូវទឹកយ៉ាងណាក្តី ប៉ុន្តែយើងនៅតែពឹងផ្អែកលើកប៉ាល់បរទេស ហើយយើងមិនទាន់ក្តោប បានចំណែកដ៏ធំនៃទីផ្សារផលិតកម្មកប៉ាល់ពិភពលោកនៅឡើយទេ”៕ប្រភព: Business Stardard៕