សហរដ្ឋអាមេរិកសម្រេចដកហូតអាជ្ញាប័ណ្ណភ្លាមៗពីក្រុមហ៊ុនរបស់ខ្លួន ហាមឃាត់ការលក់ផលិតផលទៅ Huawei

ដោយ: គង់ លាងហួរ
អន្តរជាតិ: សហរដ្ឋអាមេរិក បានដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុនអាមេរិកនានារួមមាន ក្រុមហ៊ុន Intel និងក្រុមហ៊ុន Qualcomm ដើម្បីហាមឃាត់មិនឱ្យពួកគេ នាំចេញផលិតផលបច្ចេកវិទ្យាទំនើប ទៅឱ្យក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei Technologies។

សារពត៌មាន Reuters បានចុះផ្សាយថា “ក្រុមហ៊ុនអាមេរិកមួយចំនួន ត្រូវបានដកហូតយកអាជ្ញាប័ណ្ណវិញភ្លាមៗ ក្រោយពីការជូនដំណឹង”។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មអាមេរិក បានគូសបញ្ជាក់ថា “ខ្លួនបានដកហូតអាជ្ញាប័ណ្ណមួយចំនួន។ ប៉ុន្តែក្រសួងពុំបានបញ្ជាក់ឈ្មោះ ក្រុមហ៊ុនទាំងនោះទេ”។

ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុនយក្ស Intel និងក្រុមហ៊ុនយក្ស Qualcomm របស់សហរដ្ឋអាមេរិក មិនបានឆ្លើយតប នឹងសំណើសុំការអត្ថាធិប្បាយនោះទេ ហើយភាគីខាងក្រុមហ៊ុនចិន Huawei ក៏មិនបានឆ្លើយតបភ្លាមៗដែរ។

ចំណាត់ការនេះបានកើតឡើង បន្ទាប់ពីក្រុមហ៊ុន Huawei បានបញ្ចេញម៉ាកកុំព្យូទ័រយួរដៃ ដែលប្រើប្រាស់បច្ចេកវិទ្យា AI ដំបូងបង្អស់របស់ខ្លួនម៉ាក MateBook X Pro ដែលដំណើរការដោយប្រព័ន្ធ Core Ultra 9 ថ្មីរបស់ក្រុមហ៊ុនអាមេរិក Intel ។

វិធានការហាមឃាត់នេះ អាចជះផលប៉ះពាល់ដល់ក្រុមហ៊ុន Huawei ដែលនៅតែពឹងផ្អែកលើបន្ទះឈីប របស់ក្រុមហ៊ុន Intel ដើម្បីផលិតកុំព្យូទ័រយួរដៃរបស់ខ្លួន ហើយការរឹតត្បឹតនេះ ក៏អាចជះផលប៉ះពាល់ផងដែរ ដល់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក ដែលធ្វើអាជីវកម្មជាមួយក្រុមហ៊ុនចិន។

ក្រសួងការបរទេសចិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសហរដ្ឋអាមេរិក ដែលប្រើប្រាស់លេសសន្តិសុខជាតិ និងបំពានលើការគ្រប់គ្រងការនាំចេញ ដើម្បីគាបសង្កត់ក្រុមហ៊ុនចិនដោយគ្មានហេតុផល”។

ក្រុមហ៊ុនចិន Huawei ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីរឹតបន្តឹងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០១៩មកម្ល៉េះ ស្របពេលមានការភ័យខ្លាចថា ចិនអាចឈ្លបយកការណ៍លើជនជាតិអាមេរិក។ ការរឹតបន្តឹងនេះ ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ការពង្រឹងផ្នែកយោធារបស់ប្រទេសចិន៕ប្រភព: Reuters៕