ដោយ: គង់ លាងហួរ
អន្តរជាតិ: ចំនួនប្រជាជនរស់នៅក្នុងរដ្ឋធានីម៉ានីល បាននិងកំពុងបន្តកើនឡើង ដែលធ្វើឱ្យទីក្រុងមួយនេះ កាន់តែរួមតូចចង្អៀត។
ហេតុនេះ ប្រជាជនហ្វីលីពីន កំពុងពិបាកស្វែងរកកន្លែងរស់នៅ ខណៈតម្លៃអចលនទ្រព្យ ក៏កំពុងហក់ឡើងខ្ពស់កប់ពពកផងដែរ។
សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន បានស្ទុះងើបឡើងវិញជាលំដាប់ ហើយជាមួយគ្នានេះ ប្រជាជនដែលមានប្រាក់ចំណូលខ្ពស់ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការរស់នៅក្នុងខុនដូប្រណីត ដែលមានតម្លៃចាប់ពីជាង៣៤មុឺនដុល្លារអាមេរិកឡើងទៅ។
យោងតាមរបាយការណ៍ ពីវេទិកាអចលនទ្រព្យ Lamudi បានបង្ហាញពីអគារខុនដូ ដែលមានតម្លៃថ្លៃបំផុតនៅទីក្រុងម៉ានីល (Metro Manila) ដូចខាងក្រោម៖
ទី១: អគារ Banyan Tree Residences
អគារ Banyan Tree Residences ត្រូវបានផ្សារភ្ជាប់ទៅនឹងម៉ាកយីហោដ៏ល្បីល្បាញ ទូទាំងពិភពលោក Banyan Tree ដែល រួមមាន រមណីយដ្ឋានប្រណីត និងស្ប៉ា។ អគារនេះមានកន្លែងថែទាំសុខភាព ស្ប៉ាឯកជន អាងហែលទឹកដ៏ធំគ្មានដែនកំណត់ និងសួនច្បារ។ ខុនដូនៅអគារនេះ មានតម្លៃចាប់ពី១,៨២លានដុល្លារ ទៅដល់ជាង១៦លានដុល្លារក្នុង១យូនីត។
ទី២: អគារ The Balmori Suites
អគារ Balmori Suites មានប្រណីតភាព និងឯកជនភាព គួបផ្សំនឹងលក្ខណៈពិសេសផ្សេងៗ ដូចជា ប្រព័ន្ធសុវត្ថិភាពទំនើប ជណ្តើរយន្តឯកជន និងការរចនាផ្នែកខាងក្នុងដ៏ស្រស់ស្អាត។ ខុនដូនៅអគារនេះ មានតម្លៃចាប់ពីជាង៧៥៩.០០០ដុល្លារ ទៅដល់៨,៨៧លានដុល្លារក្នុង១យូនីត។
ទី៣: អគារ Discovery Primea
អគារ Discovery Primea ត្រូវបានគេស្គាល់កាន់តែច្រើន និងមានល្បីល្បាញខ្លាំង ខណៈអគារនេះ បានផ្តល់ជូននូវសេវាកម្មសណ្ឋាគារ និងខុនដូប្រណីត ដែលមានទីតាំងពិសេសនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល(CBD)។ខុនដូនៅអគារនេះមានតម្លៃចាប់ពី២,៦៦លានដុល្លារ ទៅដល់៦,៨២លានដុល្លារក្នុង១យូនីត។
ទី៤: អគារ Horizon Homes At the Fort
អគារនេះ គឺជាទីតាំងរស់នៅដ៏ប្រណីត លំដាប់ឈានមុខគេមួយនៅទីក្រុងម៉ានីល។ អគារខុនដូប្រណីតមួយនេះ បានផ្តល់ជូននូវបទពិសោធន៍ នៃការរស់នៅដ៏ពិសេសមួយបែប ដែលឆ្លុះបញ្ចាំងឱ្យឃើញពីកេរ្តិ៍ដំណែល នៃម៉ាកយីហោសណ្ឋាគារ Shangri-La។
ខុនដូនៅអគារនេះ មានតម្លៃចាប់ពី៣,២៤លានដុល្លារ ទៅដល់៦,៣៥លានដុល្លារក្នុង១យូនីត៕ប្រភព:Spot PH៕