តើនគរូបនីយកម្មក្នុងតំបន់អាស៊ានប្រែប្រួលដូចម្តេចនិងពិភពលោក?

ដោយៈ គង់ សួរិយា
ភ្នំពេញៈ និន្នាការនៃនគរូបនីយកម្ម ឬនិយាយឱ្យសាមញ្ញ ការកើនឡើងចំនួនមនុស្សចូលមករស់នៅទីក្រុង បានកើតមានឡើងជាយូរមកហើយ នៅក្នុងតំបន់អឺរ៉ុប និងនៅអាមេរិកខាងជើង ក៏ប៉ុន្តែនិន្នាការនេះ ទើបតែជាចំណុចចាប់ផ្ដើមនៅឡើយ ក្នុងតំបន់អាស៊ី និងអាហ្វ្រិក។

សម្រាប់ពេលបច្ចុប្បន្ន មានច្រើនជាងពាក់កណ្ដាលនៃប្រជាជនពិភពលោក កំពុងរស់នៅទីក្រុង ហើយចំនួននេះត្រូវគេរំពឹងថានឹងបន្តកើនឡើង។ ផ្អែកតាមការព្យាករណ៍របស់ អង្គការសហប្រជាជាតិ អាចមានច្រើនជាងពីរភាគបី នៃប្រជាជនសកល នឹងចូលមករស់នៅទីក្រុង។ ការព្យាករណ៍ក៏បានបង្ហាញដែរថា ប្រហែល៩០ភាគរយ នៃការកើនឡើងនេះនៅឆ្នាំ២០៥០ នឹងមានប្រភពពីតំបន់អាស៊ី និងអាហ្វ្រិក។

ដូច្នេះ ប្រសិនបើនិន្នាការនេះ អាចនឹងកើតមានឡើងមែននោះ តើវាអាចបង្កជាផលប៉ះពាល់អ្វីខ្លះ? និងតើវាជាការអភិវឌ្ឍប្រកបដោយចីរភាពដែរ ឬយ៉ាងណា សម្រាប់តំបន់អាស៊ានទាំងមូល?។
ផ្អែកតាមអ្នកជំនាញ នៅពេលណាដែលកម្រិតនគរូបនីយកម្មកើនឡើង ការជះឥទ្ធិពលជាទូទៅ អាចកើតមានឡើងលើវិស័យផ្សេងៗ រួមមាន បរិស្ថាន សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ទីលំនៅ និងការផ្លាស់ប្តូរសង្គមទាំងមូល។

ក្នុងវិស័យបរិស្ថាន ការប្រែប្រួលអាកាសធាតុសកល ជាបញ្ហាមួយ ដែលគួរឱ្យព្រួយបារម្ភ។ សម្រាប់បណ្តាប្រទេសអាស៊ាន ការបន្តអភិវឌ្ឍនគរូបនីយកម្ម ក៏នឹងមានន័យថា បណ្តាប្រទេសនីមួយៗ ត្រូវប្រឈមនឹងការគ្រប់គ្រងសំរាម ឬក៏ការប្រើប្រាស់ថាមពល និងធនធានធម្មជាតិ ច្រើនជាងមុនផងដែរ។

ក្នុងវិស័យសេដ្ឋកិច្ច គេរំពឹងថានឹងមានកំណើនសេដ្ឋកិច្ច និងការកើនឡើងចំនួនពលរដ្ឋ ដែលមានចំណូលមធ្យម។ ក្នុងន័យនេះ នៅពេលដែលនគរូបនីយកម្ម អាចជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបណ្តាប្រទេសអាស៊ាន, កំណើនសេដ្ឋកិច្ចក៏ត្រូវប្រឈមនឹងបញ្ហាខ្លួនឯងផងដែរ នោះគឺការកើនឡើងនៃការបញ្ចេញឧស្ម័នកាបូនិក។
ការកើនឡើងកំណើនប្រជាជនក្នុងទីក្រុង ក៏នឹងជំរុញឱ្យមានការកើនឡើងផងដែរ នៃតម្រូវហេដ្ឋារចនាសម្ព័ន្ធ ដែលទាមទារឱ្យរដ្ឋាភិបាល ត្រូវប្រឈមនឹងតម្រូវការសាច់ប្រាក់វិនិយោគបន្ថែម។

ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មី ក៏នឹងបង្កើតឱ្យមានបញ្ហាប្រឈមថ្មីផងដែរលើបរិស្ថាន និងការកកស្ទះចរាចរណ៍ ជាដើម។
ជាឧទាហរណ៍ ក្នុងគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈមួយរបស់ រដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី រដ្ឋាភិបាល ត្រូវការកញ្ចប់សាច់ប្រាក់ ប្រមាណ៥២ពាន់លានដុល្លារអាមេរិក។
តម្រូវការលំនៅឋាន ក៏នឹងជាបញ្ហាចម្បងមួយផងដែរ ចំពោះទីក្រុងដែលរីកធំលឿនខ្លាំង ខណៈការជះឥទ្ធិពលនៃនគរូបនីយកម្ម ទោះដោយផ្ទាល់ ឬប្រយោល អាចកើតមានឡើងលើ ការផ្លាស់ប្តូរសង្គមទាំងមូល។

ក្នុងបរិបទនេះ ជីវិតរស់នៅជាប្រចាំថ្ងៃ និងវប្បធម៌របស់ប្រទេសមួយទាំងមូល អាចនឹងត្រូវផ្លាស់ប្ដូរ នៅពេលមនុស្សចូលមករស់នៅក្នុងទីក្រុង។

សរុបជារួម កំណើននគរូបនីយកម្ម ត្រូវគេមើលឃើញថាជាប្រភពយ៉ាងចម្បង សម្រាប់កំណើនសេដ្ឋកិច្ច ក្នុងតំបន់អាស៊ាន នៅថ្ងៃអនាគត។ ក៏ប៉ុន្តែស្របពេលជាមួយគ្នា វាក៏នឹងបង្កជាបញ្ហាប្រឈមយ៉ាងច្រើនផងដែរ ពាក់ព័ន្ធទៅនឹង បរិស្ថាន សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ទីលំនៅ និងការផ្លាស់ប្តូរសង្គមទាំងមូល។ ដូច្នេះ វាអាស្រ័យទៅលើភាពវៃឆ្លាត និងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍទីក្រុង ប្រកបដោយចីរភាព របស់រដ្ឋាភិបាលអាស៊ាននីមួយៗ៕