ដោយៈ និស្ស័យ
ភ្នំពេញៈ លោក Lee Q. Shim ប្រធានក្រុមហ៊ុន Lee Li Holdings Group បានបង្ហាញចំណាប់អារម្មណ៍វិនិយោគ លើវិស័យមានសក្តានុពល នៅកម្ពុជាមួយចំនួន។
លោកបានថ្លែងបែបនេះ ក្នុងជំនួបសម្តែងការគូរសម និងពីភាក្សាការងារជាមួយ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីរសៀលថ្ងៃទី២ កក្កដាកន្លងមកនេះ។
ជាមួយគ្នានេះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននៅប្រទេសកាណាដា និងតាមបណ្តាប្រទេសមួយចំនួនផងដែរ ហើយក្នុងដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានាឱកាសនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគ លើវិស័យសក្តានុពលមួយចំនួន រួមមាន៖ (១) វិស័យឧស្ម័ន និងប្រេង (២) វិស័យសុខាភិបាល (3) មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ (4) វិស័យកែច្នៃចំណីអាហារ និងឡូជីស្ទីក និង (5) វិស័យយានយន្ត។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោក Lee Q. Shim និងសហការី ព្រមទាំងបានសម្ដែងនូវក្តីរីករាយ ដែលក្រុមហ៊ុនមានចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
សម្ដេចធិបតីបានបញ្ជាក់ថា កម្ពុជាបានបង្កើតនូវតំណាងសភាពាណិជ្ជកម្មកម្ពុជាចំនួនពីរ នៅប្រទេសកាណាដា គឺនៅទីក្រុងតូរុនតូ (Toronto) និងទីក្រុងម៉ុងត្រេអាល់ (Montreal) ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងកាណាដា ក៏ដូចជាជួយសម្របសម្រួល ការនាំចេញផលិតផលពីប្រទេសកម្ពុជា ទៅកាន់ប្រទេសកាណាដា និងពីប្រទេសកាណាដាមកកាន់កម្ពុជាផងដែរ។
សម្តេចបន្តថា តាមរយៈដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុន មកកាន់កម្ពុជានាឱកាសនេះ នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការជំរុញ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
Lសម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែក្រុមហ៊ុនLee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលនៅកម្ពុជាដល់វិស័យឯកជន ដោយផ្តល់ការលើកទឹកចិត្ត និងជួយសម្របសម្រួលក្រុមហ៊ុន ដែលបោះទុនវិនិយោគនៅកម្ពុជា ឱ្យទទួលបានជោគជ័យ និងមានការរីកចម្រើនធំធាត់។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តពិភាក្សាលម្អិតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាក្រសួងរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាល៕