សិង្ហបុរីគ្រោងបង្កើនការផ្គត់ផ្គង់លំនៅដ្ឋានឱ្យដល់កម្រិតខ្ពស់បំផុត ខណៈទីផ្សារកំពុងធ្លាក់ចុះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសសិង្ហបុរី កំពុងខិតខំជំរុញផែនការបង្កើនការផ្គត់ផ្គង់លំនៅដ្ឋានឯកជន ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៣ ទោះបីជាអ្នកអភិវឌ្ឍន៍មិនសូវបង្ហា ញការចាប់អារម្មណ៍យ៉ាងណាក្តី។

ក្រសួងអភិវឌ្ឍន៍ជាតិបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលគ្រោងផ្គត់ផ្គង់ដីធ្លី ដែលអាចសាងសង់លំនៅដ្ឋានឯកជន ចំនួន១១.១១០យូនីតនៅឆ្នាំនេះ ។ ក្រ សួងអះអាងថា ខ្លួនគ្រោងបន្តបំពេញតម្រូវការលំនៅដ្ឋាន ខណៈសន្ទុះតម្លៃកំពុងធ្លាក់ចុះ ។

យ៉ាងណាមិញ អ្នកអភិវឌ្ឍន៍បានបង្កើនការប្រុងប្រយ័ត្នលើការវិនិយោគគម្រោងថ្មីៗ ខណៈទីផ្សារអចលនទ្រព្យនៅសិង្ហបុរីបានធ្លាក់ចុះ ដោយសារតែការដំឡើង អត្រាការប្រាក់ខ្ពស់ និងការថយចុះនៃតម្រូវការពីជនបរទេស។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលសិង្ហបុរីបានប្រកាសដាក់ដេញថ្លៃដីលំនៅដ្ឋានមួយកន្លែង ប៉ុន្តែពុំមានអ្នកអភិវឌ្ឍន៍ណាមួយ សម្រេចដេញថ្លៃយកនោះទេ ដែលនេះគឺជារឿងដ៏កម្រមិនធ្លាប់មាន ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក។ កាលពីដើមឆ្នាំ២០២៤នេះ រដ្ឋាភិបាលសិង្ហបុរីបានទាត់ចោលការដេញថ្លៃលើដីរដ្ឋ ព្រោះអ្នកអភិវឌ្ឍន៍ដាក់តម្លៃទាបពេក។

ម្យ៉ាងវិញទៀត រដ្ឋាភិបាលក៏កំពុងខិតខំ ដោះស្រាយការកើនឡើងយ៉ាងគំហុកជុំវិញថ្លៃជួលលំនៅដ្ឋាន ដែលនៅតែទាក់ទាញបានតម្រូវការអតិថិជនខ្ពស់បំផុត ក្នុងចំណោមប្រជាជនសិង្ហបុរី និងជនបរទេស។

ក្រសួងបានគូសបញ្ជាក់ថា ប្រទេសសិង្ហបុរីនឹងបន្តផ្គត់ផ្គង់លំនៅដ្ឋានឯកជន ប្រកបដោយស្ថិរភាព ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយយើងក៏នឹងគិតគូរផងដែរ អំពីស្ថានភាពសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យ។

ចំណែក ទីតាំងដីធ្លី ដែលត្រូវបានគូសបញ្ជាក់សម្រាប់ការប្រកាសដាក់ដេញថ្លៃ នៅក្នុងឆមាសទីពីរ ឆ្នាំ២០២៤នេះ រួមមាន ដីលំនៅដ្ឋានឯកជនចំនួន៩ទីតាំង ព្រមទាំងដីពាណិជ្ជកម្ម-លំនៅដ្ឋានចំនួន១ទីតាំង៕ប្រភព: The edge Malaysia៕