ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC)លោកជំទាវជា សិរីបានថ្លែងថា ធនាគារជាតិនៃកម្ពុជា មានកិច្ចសហប្រតិបត្តិការល្អ ជាមួយធនាគារកណ្តាលឥណ្ឌូណេស៊ី និងគ្រោងចុះអនុស្សរណៈយោគយល់ទ្វេភាគី ក្នុងឆ្នាំ២០២៤នេះ ដើម្បីបន្តពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀត។
លោកជំទាវបន្តថា អ្វីដែលផ្តោតជាជាពិសេស គឺផ្តោតលើការពង្រឹងការអភិវឌ្ឍវិស័យធនាគារ នៃប្រទេសទាំងពីរ និងការតភ្ជាប់ប្រព័ន្ធទូទាត់ទ្វេរភាគី ដែលទាំងនេះនឹងរួមចំណែក ជំរុញកំណើនភ្ញៀវទេសចរ ការដោះដូរពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក។
លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងបែបនេះ ក្នុងពេល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤កន្លងមកនេះ។
ក្នុងជំនួបនោះ លោកSanto ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង លើការពង្រឹងកិច្ចសហប្រតិបត្តិការទាំងនេះ។លោកទូត បានសរសើរពីគុណភាពអង្ករកម្ពុជា ដែលបាននាំចេញទៅទីផ្សារឥណ្ឌូណេស៊ី។
លោកជំទាវបណ្ឌិត បានជម្រាបជូនពីការចូលរួមរបស់ធនាគារជាតិនៃកម្ពុជា នៅក្នុងការគាំទ្រសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល និងការពង្រឹងសន្តិសុខសាយប័រ នៅក្នុងប្រព័ន្ធធនាគារកម្ពុជា តាមរយៈការបង្កើនការយល់ដឹងរបស់សាធារណជន ទៅលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការពង្រឹងសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យា និងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។
ភាគីទាំងពីរបានឯកភាពគ្នា លើការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍវិស័យធនាគារ របស់ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។
លោកជំទាវទេសាភិបាល បានស្វាគមន៍វត្តមានឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីមកកាន់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរនាពេលកន្លងមក។ ក្នុងឱកាសនោះ ឯកឧត្តម Santo ក៏បានលើកសរសើរអំពីការរីកចម្រើន នៃប្រព័ន្ធធនាគារនៅកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់តាមឃ្យូអរកូត៕