តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ ស្របពេលអ្នកវិនិយោគមានការរំពឹងទុកថា គោលនយោបាយអត្រាការប្រាក់នៅក្នុងតំបន់អាស៊ី និងសហរដ្ឋអាមេរិកនឹងបន្តស្ថិតក្នុងកម្រិតខ្ពស់ដដែលក្នុងរយៈពេលវែងតទៅមុខ។

តម្លៃប្រេងឆៅ Brent futures សម្រាប់ការចែកចាយនៅខែសីហាបានធ្លាក់ចុះ១១សេនដល់៨៥,៦០ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0013 GMT ខណៈតម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក WTI បានធ្លាក់ចុះ៩សេនមកនៅត្រឹម៨១,២០ដុល្លារក្នុងមួយបារ៉ែល។

យោងតាមក្រសួងការងារអាមេរិកបានបង្ហាញថា ចំនួនពលរដ្ឋអាមេរិក ដែលដាក់ពាក្យសុំជំនួយពីរដ្ឋាភិបាល ក្នុងអំឡុងពេលគ្មានការងារធ្វើ បានធ្លាក់ចុះទាបការរំពឹងទុកមកនៅត្រឹម២៣៨.០០០នាក់ កាលពីសប្តាហ៍មុន បើប្រៀបធៀបនឹងការព្យាករណ៍ថា នឹងធ្លាក់ចុះមកនៅត្រឹមចំនួន២៣៥.០០០នាក់។

ជាមួយគ្នានេះ ក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការចេញផ្សាយទិន្នន័យសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ(PMI)របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រនេះ។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៤,១ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៥,៥៨ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានធ្លាក់ថ្លៃចុះផងដែរនៅព្រឹកថ្ងៃសុក្រនេះ ខណៈអត្រាអតិផរណាស្នូលរបស់ប្រទេសជប៉ុន ដែលមិនគិតរាប់បញ្ចូលតម្លៃអាហារស្រស់បានធ្លាក់ចុះលើសពីការរំពឹងទុករបស់ក្រុមសេដ្ឋវិទូ មកនៅត្រឹម២,៥ភាគរយក្នុងខែឧសភា។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានធ្លាក់ថ្លៃចុះប្រមាណ០,៦៩ភាគរយគិតត្រឹមម៉ោង១០:៣២នាទីព្រឹក។

ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,០១៦ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ១,៧៥ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៦០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៣៩ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,២២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៨៧ភាគរយ៕