រដ្ឋាភិបាលម៉ាឡេសុីប្រកាសស្នើសុំចូលជាសមាជិកនៃក្រុមប្រទេស BRICS ជាផ្លូវការ

ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសថា ប្រទេសម៉ាឡេសុីបានសម្រេចចិត្តដាក់ពាក្យស្នើសុំចូលរួមជាសមាជិកក្រុមប្រទេស BRICS ហើយយើងនឹងចាប់ផ្តើមដំណើរការបំពេញបែបបទលើពាក្យសុំចូលជាសមាជិកក្នុងពេលឆាប់ៗនេះ។

យោងតាមបទសម្ភាសជាមួយសារព័ត៌មានចិន Guancha លោក Anwar Ibrahim បានគូសបញ្ជាក់ថា “ យើង​​រៀបចំគោល​នយោបាយ​របស់​យើង​បានច្បាស់​លាស់ ហើយ​យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​។ យើង​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ស្នើសុំចូលជាសមាជិកផ្លូវ​ការ​ក្នុង​ពេល​ឆាប់​ៗ​នេះ ខណៈយើងក៏កំពុងរង់ចាំផងដែរនូវលទ្ធផលចុងក្រោយ និងការឆ្លើយតបពីរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង”។

លោក​ Anwar បាន​អះអាង​ទៀតថា “ទីក្រុង​គូឡាឡាំពួ​មាន​អារម្មណ៍​ធូរ​ស្បើយក្នុងចិត្ត ដែល​មើលឃើញ​ពិភពលោកលែងមានតំបន់​ប៉ូលតែមួយ​ទៀត​ហើយ ស្របពេលដែលមានការកើនឡើងនៃឥទ្ធិពលរបស់ក្រុមប្រទេស BRICS”។

លោក Anwar បានសង្កត់ធ្ងន់ថា បណ្តាប្រទេសលោកខាងលិចមានបំណងគ្រប់គ្រងការសន្ទនានៅលើពិភពលោក។ប៉ុន្តែ ម៉ាឡេស៊ី​មិន​អាច​បន្ត​ទទួល​យក​បាន​នោះទេ ខណៈក្រុមប្រទេស​ខាង​លិច​ពុំមែនជា​មហាអំណាច​អាណានិគម​ទៀត​ឡើយ។ ហេតុនេះ បណ្តាប្រទេសដែលមានឯករាជ្យភាពគួរតែមានសេរីភាពក្នុងការបញ្ចេញមតិ។

ការសម្រេចចិត្តរបស់រដ្ឋាភិបាលម៉ាឡេស៊ីត្រូវបានប្រកាសឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីលោក Maris Sangiampongsa រដ្ឋមន្ត្រីការបរទេសថៃ បានផ្ញើលិខិតមួយទៅកាន់លោក Sergey Lavrov ដែលជារដ្ឋមន្ត្រីការបរទេសរុស្ស៊ី នូវពាក្យស្នើសុំចូលជាសមាជិកក្រុមប្រទេស BRICS កាលពីថ្ងៃទី១១ ខែមិថុនា។

ចំណាត់ការនេះ អាចធ្វើឱ្យប្រទេសថៃក្លាយជាប្រទេសសមាជិកអាស៊ានដំបូងគេបង្អស់ ដែលដាក់ពាក្យជាផ្លូវការដើម្បីចូលរួមជាសមាជិកក្នុងប្លុក BRICS។សម្ព័ន្ធ BRICS ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០៩ ដោយ​យក​ឈ្មោះ​ចេញ​ពី​អក្សរ​ដំបូង​របស់​ប្រទេស​ជា​សមាជិក​ទាំង៥ គឺ​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាង​ត្បូង។
 
គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះមក បណ្តាប្រទេសជាច្រើនផ្សេងទៀត ដូចជាប្រទេសអេហ្ស៊ីប ប្រទេសអេត្យូពី ប្រទេសអុីរ៉ង់ ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអេមីរ៉ាតអារ៉ាប់រួម(UAE) បានសម្រេចចូលរួមជាសមាជិកផ្លូវការនៅក្នុងសម្ព័ន្ធក្រុមប្រទេសមួយនេះ៕ប្រភព: Aljazeera៕