ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Apple បានប្រកាសផ្តល់អាទិភាពដល់ការពង្រឹងឯកជនភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដៃ IPhone។ ប្រសិនបើរឿងនេះដំណើរការទៅតាមផែនការ នោះអ្នកប្រើប្រាស់ Samsung រាប់លាននាក់នឹងងាកមកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Apple ជំនួសវិញ។
ការលក់ទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មីនឹងត្រូវបាននាំមុខដោយសមត្ថភាព AI ជំនាន់ថ្មីប្រកបដោយភាពច្នៃប្រឌិត ដែលនេះក្លាយជាហេតុផលដ៏ធំបំផុត និងលឿនបំផុត ដែលក្រុមហ៊ុននានាបានសម្រុកអភិវឌ្ឍន៍ទូរស័ព្ទស្មាតហ្វូនរបស់ពួកគេឱ្យកាន់តែទំនើបក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។
កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Apple បានប្រកាសពីមុខងារ AI និងការពង្រឹងប្រព័ន្ធកម្មវិធីនៅលើស្មាតហ្វូនរបស់ខ្លួន ហើយអ្វីដែលលេចធ្លោជាងគេនោះគឺ ការបំពាក់បច្ចេកវិទ្យា AI របស់ ChapGPT នៅលើកម្មវិធី Siri។ ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ មានឈ្មោះថា “Apple Intelligence”។
លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុនយក្ស Apple របស់សហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា“កម្មវិធី Siri នឹងអាចសរសេរអ៊ីមែល និងប្ដូរសំឡេងឱ្យសាកសមនឹងឱកាស និងពេលវេលាជាក់ស្តែងបានថែមទៀតផង”។ កម្មវិធីនេះក៏មានសមត្ថភាពក្នុងការឆ្លើយសំណួរបានកាន់តែច្រើន និងមានប្រសិទ្ធភាពជាងមុន។
Apple Intelligence គឺជាប្រព័ន្ធ AI ថ្មីមួយដែលរួមបញ្ចូលគ្នានូវគំរូទូទៅជាមួយនឹងបរិបទផ្ទាល់ខ្លួន ដើម្បីផ្តល់នូវភាពឆ្លាតវៃដែលមានប្រយោជន៍ និងពាក់ព័ន្ធ។ ប្រព័ន្ធនេះអាចកំណត់អត្តសញ្ញាណការជូនដំណឹង និងផ្ញើសារសំខាន់ៗដោយស្វ័យប្រវត្តិ សំយោគខ្លឹមសារអ៊ីមែល សរសេរកថាខណ្ឌឡើងវិញ ឬលុបរូបភាពផ្នែកខ្លះក្នុងរូបថត។ យ៉ាងណាមិញ ប្រព័ន្ធ Apple Intelligence នឹងដំណើរការតែនៅលើទូរស័ព្ទ iPhone 15 Pro និងទូរស័ព្ទ iPhone 15 Pro Max និងរាល់កំព្យូទ័រ Mac និងទូរស័ព្ទ iPad ដែលប្រើប្រាស់បន្ទះឈីប M1 ឡើងទៅប៉ុណ្ណោះ។
ដោយឡែកចំពោះ ChatGPT វិញ ក្រុមហ៊ុន Apple នៅមិនទាន់បញ្ចេញឱ្យប្រើប្រាស់នៅឡើយនោះទេ ដែលយើងនឹងត្រូវរង់ចាំរហូតដល់ចុងឆ្នាំនេះ ទើបក្រុមហ៊ុនដាក់បញ្ចូលទៅក្នុងកម្មវិធីប្រព័ន្ធប្រតិបត្តិការកំព្យូទ័រ Mac ទូរស័ព្ទ iPhone និងទូរស័ព្ទ iPad។
ចំណែក ក្រុមហ៊ុនយក្ស Samsung របស់ប្រទេសកូរ៉េខាងត្បូង បានអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យា Galaxy AI ក៏ដូចជាស្មាតហ្វូនទំនើប Galaxy S24 Series ថ្មីរបស់ខ្លួនដើម្បីប្រកួតប្រជែងក្នុងទីផ្សារនាពេលបច្ចុប្បន្ន។
Galaxy AI នឹងក្លាយជាយុគសម័យបច្ចេកវិទ្យា AI ដ៏ទំនើបបំផុតរបស់ក្រុមហ៊ុន Samsung ហើយវាត្រូវបានគេរាយការណ៍ថាជាការសហការគ្នាយ៉ាងជិតស្និតជាមួយក្រុមហ៊ុន Google ផ្ទាល់តែម្តង។ មុខងារ AI ដែលមានមនុស្សជាច្រើនចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺមុខងារ AI Live Translate Call ដែលជាមុខងារដំបូងគេបង្អស់ដែលមានលទ្ធភាពអាចបកប្រែភាសាផ្សេងៗបានភ្លាមៗ ក្នុងអំឡុងពេលអ្នកប្រើប្រាស់កំពុងនិយាយទូរស័ព្ទ។
បន្ទាប់មក សំឡេងនិងអត្ថបទដែលបានបកប្រែទៅជាភាសាផ្សេងៗនោះ នឹងលោតបង្ហាញនៅលើអេក្រង់ឲ្យអ្នកប្រើប្រាស់បានដឹង ក៏ដូចជាភាគីម្ខាងទៀត ដែលនិយាយទូរសព្ទឆ្លើយឆ្លងគ្នា។
ត្រង់ចំណុចនេះ យើងអាចសន្និដ្ឋានបានថា កម្មវិធីក្នុងស្មាតហ្វូនជំនាន់ក្រោយៗរបស់ក្រុមហ៊ុន Samsung នឹងមានភ្ជាប់ដោយ AI មកជាមួយស្រាប់តែម្តងពិសេសគឺ AI Live Translate Call និងមាន AI ជាច្រើនទៀតដែលក្រុមហ៊ុនSamsung ត្រៀមបង្ហាញនាពេលអនាគត៕ប្រភព:Forbes៕