ដោយ: គង់ លាងហួរ
តូក្យូ: យោងតាមប្រភពឧស្សាហកម្ម និងរដ្ឋាភិបាលជប៉ុនបានអះអាងថា កង្វះខាតប្រេងឥន្ធនៈ នៅតាមអាកាសយានដ្ឋានទូទាំងប្រទេសជប៉ុនបានបង្កការលំបាក ក្នុងការបង្កើនចំនួនជើងហោះហើរអន្តរជាតិ និងការបន្ថែមផ្លូវហោះហើរថ្មី។
តម្រូវការជើងហោះហើរ បានកើនឡើងលើសពីសមត្ថភាពនៃការផ្គត់ផ្គង់របស់រោងចក្រចម្រាញ់ប្រេង គួបផ្សំនឹងកង្វះកម្លាំងពលកម្មក្នុងដឹកជញ្ជូនចែកចាយប្រេង ទៅកាន់អាកាសយានដ្ឋាននៅទូទាំងប្រទេស។
បញ្ហាប្រឈមនេះកំពុងគំរាមកំហែង និងអាចបង្អាក់កិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការជំរុញសេដ្ឋកិច្ចឱ្យស្ទុះងើបឡើងវិញ តាមរយៈទីផ្សារទេសចរណ៍អន្តរជាតិ។ យ៉ាងណាមិញ បណ្តាក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល កំពុងវាយតម្លៃស្ថានភាពនេះ ដើម្បីពិចារណាដាក់ចេញវិធានការឆ្លើយតបឱ្យទាន់ពេលវេលា។
យោងតាមរដ្ឋបាលខេត្ត Hiroshima ដែលស្ថិតនៅភាគខាងលិចនៃប្រទេសជប៉ុនបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍បរទេសចំនួន១ ត្រូវពិនិត្យមើលឡើងវិញ នូវផែនការបង្កើនជើងហោះហើរទៅ និងមកពីព្រលានយន្តហោះHiroshima ដោយសារតែការផ្គត់ផ្គង់ប្រេងមានចំនួនមិនគ្រប់គ្រាន់។ ក្រុមហ៊ុនអាកាសចរណ៍មួយទៀតក៏កំពុងជួបប្រទះ នឹងបញ្ហាប្រឈមបែបនេះផងដែរ។
ចំណែកឯ អាកាសយានដ្ឋាន New Chitose អាកាសយានដ្ឋានអាកាសយានដ្ឋាន Asahikawa និងអាកាសយានដ្ឋាន Obihiro នៅកោះហុកកៃដូ ក៏បានទទួលរងផលប៉ះពាល់ដូចគ្នានេះដែរ ដោយសារកង្វះខាតប្រេងឥន្ធនៈ ខណៈដែលពួកគេមានគម្រោងបង្កើនជើងហោះហើរ។
ទន្ទឹមនឹងនេះ ប្រតិបត្តិករអាកាសយានដ្ឋាន Sendai ស្ថិតនៅភាគឦសាន នៃប្រទេសជប៉ុនបានអះអាងថា ខ្លួនមិនទាន់រងផលប៉ះពាល់នោះទេ។ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍នានា បានសម្តែងការព្រួយបារម្ភអំពីកង្វះខាតប្រេងឥន្ធនៈ។
លើសពីនេះ រដ្ឋបាលតំបន់មូលដ្ឋាន បានស្នើឱ្យរដ្ឋាភិបាលកណ្តាលចាត់វិធានការជាបន្ទាន់ ខណៈព្រលានយន្តហោះនៅក្នុងផ្នែកខ្លះនៃតំបន់ Kansai តំបន់ Shikoku និងតំបន់ Kyushu ក៏កំពុងប្រឈមមុខនឹងការលំបាក ក្នុងការបង្កើនចំនួនជើងហោះហើរផងដែរ៕ប្រភព:Kyodo៕