រាជរដ្ឋាភិបាលសម្រួលនីតិវិធី និងដោះស្រាយវិវាទពាក់ព័ន្ធនឹងអគារចំនួន ១៤គម្រោង ដែលមានទុនវិនិយោគប្រមាណ ៧៣៣លានដុល្លារ

ដោយៈ គង់ សូរិយា
ព្រះសីហនុៈ ប្រធានក្រុមការងារជម្រុញការវិនិយោគ នៅខេត្តព្រះសីហនុ ដោយបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះការសម្រួលនីតិវិធី និងការដោះស្រាយវិវាទចំនួន១៤គម្រោងជាមួយទំហំទុនវិនិយោគ៧៣៣លានដុល្លារ។


ការសម្រេចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ឧសភា ដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។


គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៧ និងគម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៦ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ២០២៤ និងគម្រោងពង្រីកចំនួន១ ។ គម្រោងទាំង១៤នោះ រួមមាន គម្រោងបង្កើតសួនកសិ-ឧស្សាហកម្មថ្នាក់ជាតិ, គម្រោងសណ្ឋាគារផ្កាយ៥ និងកាស៊ីណូ។ គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និងស្នាក់នៅរួម។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និងធំ ។


ការសម្របសម្រួលនេះ ត្រូវបានធ្វើឡើងសម្រាប់គម្រោងដែលស្នើសុំ និងអនុវត្តក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៤ ចំពោះគម្រោង ៣ប្រភេទ រួមមាន១) គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដាក់ដំណើរការបានក្នុងឆ្នាំ ២០២៤ និង៣) ការពង្រីកគម្រោង/សកម្មភាពធុរកិច្ច ។


ការលើកទឹកចិត្ត និងការអនុគ្រោះនានា ក៏ផ្តល់ជូនសហគ្រាសមីក្រូតូច និងមធ្យម ។ ជាមួយនេះ, សហគ្រាស ឬគម្រោងដែលមានស្រាប់ ក៏ទទួលបានការអនុគ្រោះ និងសម្រួលនីតិវិធីលើលិខិតអនុញ្ញាតអាជ្ញាបណ្ណ និងការតភ្ជាប់ទៅហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ជាអាទិ៍ ទឹក ភ្លើង ផ្លូវ ជាដើម តាមលក្ខណៈភូមិសាស្រ្ត និង លទ្ធភាពរបស់រដ្ឋ និង/ឬ វិស័យឯកជន ។


ការពិនិត្យផ្តល់ការលើកទឹកចិត្តពិសេសខាងលើ ធ្វើឡើងស្របតាមកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ។


តាមរយៈនេះ និងជាបន្តបន្ទាប់គិតចាប់ពីខែ កុម្ភៈ មកដល់បច្ចុប្បន្ន, ក្រុមការងារបានសម្រេចជាគោលការណ៍ ក្នុងការផ្តល់អត្ថប្រយោជន៍ពិសេស ដល់គម្រោងវិនិយោគ/ធុរកិច្ចចំនួន៤១ ។ ក្នុងពេលខាងមុខដ៏ខ្លីនេះ, ក្រុមការងារនឹងធ្វើការពិនិត្យ លើការស្នើការលើកទឹកចិត្តពិសេសរបស់គម្រោងវិនិយោគ/ធុរកិច្ចចំនួន២៣បន្ថែមទៀត៕