ដោយ: គង់ លាងហួរ
អន្តរជាតិ: មន្ត្រីជាន់ខ្ពស់មួយរូបអះអាងថា ប្រទេសឥណ្ឌូនេស៊ីគ្រោងចាប់ផ្តើមពិនិត្យឡើងវិញ នូវគោលនយោបាយសេដ្ឋកិច្ចជាច្រើនរបស់ខ្លួន ខណៈប្រទេសនេះកំពុងព្យាយាម សុំចូលជាសមាជិកអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ(OECD) ។
ឥណ្ឌូណេស៊ី បានកំណត់គោលដៅក្លាយជាសមាជិក OECD ក្នុងរយៈពេល៣ឆ្នាំខាងមុខ បន្ទាប់ពីអង្គការ ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសមួយនេះ បានបើកការពិភាក្សាអំពីការសុំសិទ្ធិចូលជាសមាជិកជាមួយឥណ្ឌូនេស៊ី កាលពីខែកុម្ភៈកន្លងទៅ។
ទីក្រុងហ្សាកាតាបង្ហាញក្តីសង្ឃឹមថា ការក្លាយជាសមាជិករបស់អង្គការនេះ នឹងនាំមកនូវការវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មកាន់តែច្រើនសម្រាប់ឥណ្ឌូនេស៊ី ដែលជាប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ាន។
អង្គការ OECD ដែលមានសមាជិកជាង៣០ប្រទេស គឺជាអង្គការអន្តរជាតិ ដែលផ្តល់ដំបូន្មានដល់សមាជិករបស់ខ្លួន អំពីគោលនយោបាយសាធារណៈ រួមទាំងបញ្ហាសង្គម សេដ្ឋកិច្ច និងបរិស្ថាន។
លោក Airlangga Hartarto រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូនេស៊ី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “អាជ្ញាធរនឹងពិនិត្យឡើងវិញនូវគោលនយោបាយនានា រួមទាំងពន្ធដារ សេដ្ឋកិច្ចឌីជីថល និងបទប្បញ្ញត្តិប្រឆាំងអំពើពុករលួយ ដើម្បីធានាឱ្យប្រាកដថា គោលនយោបាយទាំងនេះ សមស្របតាមស្តង់ដាររបស់អង្គការOECD”។
ជាមួយគ្នានេះ លោក Mathias Cormann អគ្គលេខាធិការអង្គការ OECD ក៏បានប្តេជ្ញាថា លោកនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូនេស៊ី ក្នុងការពន្លឿនដំណើរការចូលជាសមាជិករបស់ស្ថាប័នអន្តរជាតិមួយនេះផងដែរ៕ប្រភព: Reuters៕