រដ្ឋាភិបាលអាមេរិកទូទាត់អត្រាការប្រាក់អស់ប្រមាណ ៥១៤ពាន់លានដុល្លារ ទៅលើបំណុលជាតិរបស់ខ្លួន

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានចំណាយថវិកាជាងកន្លះទ្រីលានដុល្លារ ក្នុងការបង់អត្រាការប្រាក់ លើបំណុលជាតិរបស់ខ្លួន ក្នុងរយៈពេលត្រឹមតែ៧ខែប៉ុណ្ណោះ។ នេះបើយោងតាមសារពត៌មាន Daily Hodl។

យោងតាមគណៈកម្មាធិការ ទទួលបន្ទុកគម្រោងថវិកាសហព័ន្ធដោយការទទួលខុសត្រូវ (CRFB) បានឲ្យដឹងថា ការចំណាយលើអត្រាការប្រាក់ បានឈានដល់ទំហំទឹកប្រាក់៥១៤ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែដំបូង ឆ្នាំសារពើពន្ធ២០២៤។

ឆ្នាំសារពើពន្ធ២០២៤ សម្រាប់ថវិកាសហព័ន្ធអាមេរិក ត្រូវបានគេរាប់ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

លើសពីនេះ តួលេខខាងលើបង្ហាញថា ការទូទាត់អត្រាការប្រាក់ទៅលើបំណុលជាតិរបស់សហរដ្ឋអាមេរិក មានទំហំទឹកប្រាក់លើសពីការចំណាយលើអតីតយុទ្ធជន ការអប់រំ និងការដឹកជញ្ជូនបូករួមបញ្ចូលគ្នាទៅទៀត។

ចំណែកឯ ការចំណាយថវិកា ទៅលើវិស័យការពារជាតិមានទំហំទឹកប្រាក់ចំនួន៤៩៨ពាន់លានដុល្លារ ខណៈការចំណាយរបស់ រដ្ឋាភិបាលអាមេរិក ទៅលើការផ្តល់សេវាកម្មវេជ្ជសាស្ត្រ សម្រាប់ជនចាស់ជរា ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ មានទំហំទឹកប្រាក់ចំនួន៤៦៥ពាន់លានដុល្លារ។

ជាមួយគ្នានេះ ក្រុមអ្នកជំនាញកំពុងតាមដានយ៉ាងយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ទៅលើស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋាភិបាលអាមេរិក ស្របពេលទំហំបំណុលជាតិ របស់ប្រទេសមហាអំណាចកំពូលដាច់គេមួយនេះ ប៉ោងជិតដល់៣៤,៨ទ្រីលានដុល្លារ។

នៅក្នុងបទសម្ភាសន៍ថ្មីមួយ ជាមួយនឹងកាសែត Bloomberg លោក David Solomon នាយកប្រតិបត្តិធនាគារវិនិយោគខ្នាតយក្ស Goldman Sachs បានលើកឡើងថា ថ្នាក់ដឹកនាំនយោបាយត្រូវតែផ្តោតលើបំណុលជាតិ និងឱនភាពថវិកា។

លោកបានបញ្ជាក់ថា “ខ្ញុំគិតថា កម្រិតបំណុលនៅសហរដ្ឋអាមេរិក និងកម្រិតនៃការចំណាយគឺជាអ្វីមួយ ដែលយើងត្រូវការការផ្តោតយកចិត្តទុកដាក់កាន់តែខ្លាំង និងការពិភាក្សាគ្នាឱ្យបានច្រើនជាងពេលបច្ចុប្បន្ន”៕ប្រភព: Daily Hodl៕