ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Hardeep Singh Puri រដ្ឋមន្ត្រីក្រសួងសហភាពឥណ្ឌា បានលើកឡើង និងថ្លែងអួតសរសើរអំពីវឌ្ឍនភាពដ៏ឆាប់រហ័សរបស់ប្រទេសឥណ្ឌា ក្នុងការរៀបចំប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងក្នុងទីក្រុង ក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ។
បន្ថែមពីលើនោះ មន្ត្រីជាន់ខ្ពស់ឥណ្ឌារូបនេះ បានបង្ហាញនូវទំនុកចិត្តថា ឥណ្ឌានឹងមានប្រព័ន្ធរថភ្លើងសាធារណៈ លើអាកាសក្នុងទីក្រុង (Metro) ធំជាងគេបំផុតទី២របស់ពិភពលោក នៅក្នុងរយៈពេល២ឆ្នាំកន្លះខាងមុខ។
ទន្ទឹមនឹងនេះដែរ លោក Puri ក៏បានសង្កត់ធ្ងន់ផងដែរលើការកើនឡើងគួរឱ្យកត់សម្គាល់ នៃការជិះរថភ្លើងសាធារណៈក្នុងទីក្រុង ដោយលោកមើលឃើញ ពីការទទួលបានអ្នកធ្វើដំណើរចំនួន១០លាននាក់ជារៀងរាល់ថ្ងៃ។
លោក Puri បានគូសបញ្ជាក់យ៉ាងដូច្នេះថា “សព្វថ្ងៃនេះ យើងមានមនុស្សជិះលើរថភ្លើងMetro ចំនួន១០លាននាក់ក្នុងមួយថ្ងៃ ហើយនៅក្នុងចំណោមនោះ មានមនុស្សចំនួន៧,៣លាននាក់ គឺជាអ្នកជិះរថភ្លើងនៅតំបន់រដ្ឋធានីដេលី”។
លោកបានប្រកាសថា បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាកំពុងដំណើរការប្រព័ន្ធរថភ្លើងMetro ក្នុងចម្ងាយ៩៤៥គីឡូម៉ែត្រ ខណៈគម្រោងផ្លូវរថភ្លើងប្រវែង១.០០០គីឡូម៉ែត្រទៀត កំពុងស្ថិតក្រោមសាងសង់ ដែលគ្រោងនឹងបញ្ចប់រួចរាល់ នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
លោករដ្ឋមន្ត្រីបានបន្ថែមថា “សព្វថ្ងៃនេះ បើទោះបីជាចំនួនប្រជាជនរស់នៅក្នុងទីក្រុង មានការកើនឡើងយ៉ាងឆាប់រហ័ស យ៉ាងណាក្តី ក៏ប្រជាជននៅតែមានភាពងាយស្រួល ក្នុងការធ្វើដំណើរពីប៉ែកម្ខាងនៃទីក្រុង ទៅកាន់ប៉ែកម្ខាងទៀតក្នុងរយៈពេលដ៏សមរម្យមួយ”។
លោក Puri បានវាយតម្លៃថា វឌ្ឍនភាពទាំងនេះ អាចសម្រេចទៅបាន ក៏ដោយសារតែគំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យរបស់អតីតនាយករដ្ឋមន្ត្រីឥណ្ឌាលោក Atal Bihari Vajpayee សម្រាប់ការសាងសង់ប្រព័ន្ធរថភ្លើង Metro ក្នុងទីក្រុងកាលពីឆ្នាំ២០០២៕ប្រភព: Financial Express៕