ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសឥណ្ឌា បានចុះកិច្ចព្រមព្រៀងជាមួយអាជ្ញាធរអ៊ីរ៉ង់ ដើម្បីគ្រប់គ្រងប្រតិបត្តិការកំពង់ផែពាណិជ្ជកម្ម Chabahar ដែលមានទីតាំង នៅឆ្នេរសមុទ្រភាគអាគ្នេយ៍ នៃប្រទេសមួយនេះក្នុង រយៈពេល១០ឆ្នាំ។
ស្ថាប័នឧស្សាហកម្ម និងក្រុមអ្នកជំនាញ បានលើកឡើងថា ចំណាត់ការនេះ ជាជោគជ័យផ្នែកការទូត ហើយវាអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រីកទំហំពាណិជ្ជកម្មសកល របស់ប្រទេសឥណ្ឌា បន្ទាប់ពីទីក្រុងញូវដេលី បានស្នើគំនិតនេះឡើង តាំងពីជាង ២០មុន មកម្ល៉េះ។
កិច្ចសន្យាគ្រប់គ្រងប្រតិបត្តិការ កំពង់ផែ Chabahar ដែលស្ថិតនៅចម្ងាយ១៧០គីឡូម៉ែត្រ ពីកំពង់ផែ Gwadar របស់ប្រទេសប៉ាគីស្ថាន ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុន Indian Ports Global Ltd (IPGL) និងអង្គការ Port & Maritime នៃប្រទេសអ៊ីរ៉ង់។
យោងតាមផ្នែកមួយនៃកតិកាសញ្ញានេះ ក្រុមហ៊ុន IPGL នឹងបោះទុនវិនិយោគចំនួន១២០លានដុល្លារ។
ក្រុមអ្នកជំនាញបានចង្អុលបង្ហាញថា កំពង់ផែដែលមានទីតាំងនៅឈូងសមុទ្រអូម៉ង់មួយនេះ នឹងអនុញ្ញាតឱ្យកប៉ាល់ដឹកទំនិញរបស់ឥណ្ឌា អាចបើកបរជៀសប្រទេសប៉ាគីស្ថាន ព្រមទាំងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសគ្មានផ្លូវគោក ដែលមានទីតាំងនៅតំបន់អាស៊ីកណ្តាល និងអាស៊ីខាងលិច។
ជាពិសេស កំពង់ផែ Chabahar នេះនឹងតភ្ជាប់ប្រទេសឥណ្ឌាជាមួយនឹងច្រករបៀង ដឹកជញ្ជូនអន្តរជាតិខាងជើង-ខាងត្បូង (INSTC) ដែលជាផ្លូវដឹកជញ្ជូន មានប្រវែង៧.២០០គីឡូម៉ែត្រ ដែលមានបំណងតភ្ជាប់ឥណ្ឌា ជាមួយតំបន់អឺរ៉ាស៊ី និងតំបន់អឺរ៉ុប។
ច្រករបៀងនេះត្រូវបានគេមើលឃើញថា នឹងក្លាយជាជម្រើសមួយជំនួស ឱ្យការដឹកជញ្ជូនតាមព្រែកជីកស៊ុយអេ ដែលជាផ្លូវពាណិជ្ជកម្មសមុទ្រ ដ៏សំខាន់រវាងទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ប៉ុន្តែព្រែកជីកនេះ ប្រឈមភាពងាយរងគ្រោះ ដោយសារផលប៉ះពាល់ផ្នែកភូមិសាស្ត្រនយោបាយ។
នៅពេលច្រករបៀងនេះបើកដំណើរការ ឥណ្ឌានឹងអាចដឹកទំនិញរបស់ខ្លួន មកចូលចតនៅកំពង់ផែ Chabahar របស់អ៊ីរ៉ង់តាមរយៈផ្លូវសមុទ្រ ហើយក្រោយមក ទំនិញនឹងត្រូវបានដឹកតាមយានជំនិះទៅកាន់កំពង់ផែអ៊ីរ៉ង់មួយផ្សេងទៀត ដែលមានទីតាំងនៅគែមសមុទ្រកាសព្យែន។
បន្ទាប់ពីដឹកជញ្ជូនទៅដល់ទីនោះ ទំនិញនឹងត្រូវបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីតាមផ្លូវសមុទ្រ ហើយដឹកបន្តទៅកាន់ទីផ្សារផ្សេងទៀតនៃទ្វីបអឺរ៉ុបតាមរយៈផ្លូវដែករបស់រុស្ស៊ី។ នេះបើយោងតាមសហព័ន្ធអង្គការនាំចេញឥណ្ឌា (FIEO)។
លោក Ajay Sahai អគ្គនាយកសហព័ន្ធ FIEO បានលើកឡើងថា ការនាំចេញទំនិញឆ្លងកាត់ផ្លូវនេះត្រូវបានគេរំពឹងថា នឹងជួយសន្សំសំចៃថ្លៃដើមបាន៣០% និងចំណេញពេលវេលា ដឹកជញ្ជូនចំនួន៤០% ដែលធានាបាននូវតម្លៃប្រកបដោយភាពប្រកួតប្រជែង”។
យោងតាមគំនិតផ្តួចផ្តើម ស្រាវជ្រាវពាណិជ្ជកម្មសកល (GTRI) បានឱ្យដឹងថា ច្រករបៀងនេះនឹងកាត់បន្ថយ ពេលវេលាដឹកជញ្ជូនទំនិញពីតំបន់អាស៊ី ទៅកាន់តំបន់អឺរ៉ុបមកត្រឹម២៥ថ្ងៃ បើធៀបនឹង រយៈពេល៤៥ថ្ងៃ ប្រសិនបើដឹកឆ្លងកាត់ព្រែកជីកស៊ុយអេ ខណៈថ្លៃដឹកជញ្ជូន នឹងអាចកាត់បន្ថយបានប្រហែល៣០%៕
ប្រភព: Upstox / ផ្ដល់សិទ្ធិដោយ: Property Area