នាយករដ្ឋមន្ត្រីថៃស្នើឲ្យលោកប្រធានាធិបតីបារាំង Macron បង្កើតក្រុម WhatsApp ៣ត្រីភាគីជាមួយសម្តេចធិបតី

ដោយ: គង់ លាងហួរ
បាងកក: នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានស្នើឲ្យលោកប្រធានាធិបតីបារាំង Emmanuel Macron បង្កើតក្រុមពិភាក្សាតាមកម្មវិធី WhatsApp ជាមួយលោក និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យថ្នាក់ដឹកនាំទាំង៣រូបអាចពិភាក្សាលើបញ្ហាអន្តរជាតិបានយ៉ាងងាយស្រួល និងកាន់តែលឿនជាងមុន។


លោកសេដ្ឋា ថាវីស៊ីន បានស្នើបែបនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមវេទិកាធុរកិច្ចថៃ-បារាំង ក៏ដូចជាជួបជាមួយលោក Macron។
នាយករដ្ឋមន្ត្រីថៃរូបនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា បន្ទាប់ពីចូលរួមកិច្ចប្រជុំ ដែលមាន រយៈពេលជិត៤ម៉ោងជាមួយលោក Macron បាននាំឱ្យភាគីទាំងពីរយល់ព្រមសហការគ្នាលើវិស័យផ្សេងៗជាច្រើន។


លោក សេដ្ឋា បន្ថែមថា ក្នុងជំនួបនោះ លោកបានចែករំលែកព័ត៌មានទំនាក់ទំនងរបស់លោក ជាមួយលោក Macron តាមរយៈកម្មវិធី WhatsApp។ នៅពេលនោះ លោក Macron បានមានប្រសាសន៍ថា លោកមានទំនាក់ទំនងជិតស្និទ្ធជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត។ដូច្នេះ លោក សេដ្ឋា ក៏បានស្នើឱ្យថ្នាក់ដឹកទាំង៣រូប បង្កើតក្រុម WhatsApp ដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗ ទាក់ទងនឹងប្រទេសបារាំង និងតំបន់អាស៊ាន។


ជាមួយគ្នានោះ លោក Macron បានសម្តែងការអាណិតអាសូរចំពោះចំណាប់ខ្មាំងថៃ ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា ដោយលោកបានប្តេជ្ញាខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ដើម្បីចរចាបទឈប់បាញ់បណ្តោះអាសន្ន ក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីស ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកក្កដាដល់ថ្ងៃទី១១ខែសីហាខាងមុខ។


ជុំវិញបញ្ហាអាស៊ាន លោក សេដ្ឋា បានថ្លែងប្រាប់ Macron ថា “លោកបានប្រគល់ភារកិច្ច ឱ្យរដ្ឋមន្ត្រីការបរទេសថៃ ក្នុងការសម្របសម្រួលកិច្ចចរចាសន្តិភាព រវាងរបបយោធាមីយ៉ាន់ម៉ា និងក្រុមជនជាតិភាគតិច ខណៈដែលថ្នាក់ដឹកនាំបារាំង បានឆ្លើយតបបញ្ជាក់ពីការត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ និងផ្តល់ជំនួយចាំបាច់។


លើសពីនេះ លោក Macron ក៏បានអះអាងផងដែរថា ប្រទេសបារាំង នឹងបន្តគាំទ្រប្រទេសថៃ ក្នុងការជំរុញឱ្យសហភាពអឺរ៉ុបលើកលែងទិដ្ឋាការ Schengen សម្រាប់អ្នកធ្វើដំណើរថៃ។ លោកជឿជាក់ថា ការពិភាក្សាលើបញ្ហានេះ អាចនឹងចាប់ផ្តើមនៅក្នុងខែសីហាខាងមុខ នៅពេលដែលការបោះឆ្នោតសភាអឺរ៉ុប ត្រូវបានបញ្ចប់នៅក្នុងខែមិថុនា។


ជាពិសេស លោកប្រធានាធិបតីបារាំង Emmanuel Macron ក៏បានអញ្ជើញភាគីថៃ ឱ្យចូលរួមក្នុងសន្និសីទស្តីពី បញ្ញាសិប្បនិម្មិត(AI) ដែលបារាំង គ្រោងនឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៥ខាងមុខ៕ប្រភព: The Nation៕