តើពលរដ្ឋកូរ៉េខាងត្បូងបញ្ជាទិញទំនិញពីប្រទេសណាខ្លះច្រើនជាងគេ?

ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមទិន្នន័យបានបង្ហាញថា ការបញ្ជាទិញរបស់អតិថិជនកូរ៉េខាងត្បូង ដោយផ្ទាល់មកពីប្រទេសចិន បានកើនឡើងជាង៥០ភាគរយ នៅក្នុងត្រីមាសទី១ឆ្នាំនេះ ដែលជាអត្រាកំណើនដ៏ខ្ពស់បំផុតមិនធ្លាប់មាន។

យោងតាមទិន្នន័យពីស្ថាប័ន Statistics Korea បានឱ្យដឹងថា ការបញ្ជាទិញដោយផ្ទាល់ តាមអ៊ីនធឺណិតពីក្រៅប្រទេស បានកើនឡើង៩,៤ភាគរយ ដល់ទំហំទឹកប្រាក់១,៦៥ទ្រីលានវ៉ុន (ប្រមាណ១,១៩ពាន់លានដុល្លារ) ក្នុងអំឡុងខែមករាដល់ខែមីនា បើធៀបនឹងឆ្នាំមុន។

ក្នុងចំណោមទឹកប្រាក់សរុប គេសង្កេតឃើញថា ក្នុងនោះ ប្រតិបត្តិការជាមួយប្រទេសចិន មានទំហំទឹកប្រាក់ចំនួន៩៣៨,៤ពាន់លានវ៉ុន កើនឡើង៥៣,៩ភាគរយ បើធៀបនឹងឆ្នាំមុន បន្ទាប់មកគឺ ប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ចំនួន៣៧៥,៣ពាន់លានវ៉ុន និងប្រតិបត្តិការជាមួយសហភាពអឺរ៉ុប មានទំហំទឹកប្រាក់ចំនួន១៤២,១ពាន់លានវ៉ុន។

ការទិញទំនិញដោយផ្ទាល់ ពីប្រទេសចិនបានគ្របដណ្តប់ចំណែក៥៧ភាគរយ នៃការទិញទំនិញពីបរទេសសរុប ដោយផ្ទាល់របស់ពលរដ្ឋកូរ៉េខាងត្បូង នៅក្នុងត្រីមាសទីមួយ ដែលជាចំនួនដ៏ធំបំផុតមិនធ្លាប់មាន។

យោងតាមប្រភពទិន្នន័យដដែលខាងលើ បានបង្ហាញឱ្យដឹងទៀតថា សហរដ្ឋអាមេរិក បានកាន់កាប់ចំណែក២២,៨ភាគរយ នៃការបញ្ជាទិញទំនិញដោយផ្ទាល់ តាមអនឡាញសរុបពីសំណាក់ពលរដ្ឋកូរ៉េខាងត្បូង ខណៈដែលសហភាពអឺរ៉ុប(EU) បានកាន់កាប់ចំណែក៨,៦ភាគរយ។

ទន្ទឹមនឹងនេះដែរ ប្រតិបត្តិការទិញទំនិញតាមអនឡាញ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើង១០,៧ភាគរយ ដល់ទំហំទឹកប្រាក់៥៩,៦៨ទ្រីលានវ៉ុន នៅក្នុងត្រីមាសទីមួយ បើធៀបនឹងឆ្នាំមុន។
ការទិញ ដែលធ្វើឡើងតាមរយៈទូរស័ព្ទស្មាតហ្វូន ថេប្លេត និងឧបករណ៍ចល័តផ្សេងទៀត បានកើនឡើង១០,៨ភាគរយ ដល់ទំហំទឹកប្រាក់៤៤,៣៦ទ្រីលានវ៉ុន ក្នុងត្រីមាសទី១ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រភព: Yonhap / ផ្ដល់សិទ្ធិដោយ : Property Area