រដ្ឋមន្រ្តីក្រសួងព័ត៌មានគាំទ្រដំណើរការសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា


ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោកនេត្រ ភ័ត្រាបានបង្ហាញការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការបង្កើត សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA)។

លោករដ្ឋមន្រ្តីបានថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាត្តឲ្យថ្នាក់ដឹកនាំសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា បានជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំ កាលពីរសៀលថ្ងៃទី១៥ ឧសភានេះ។

ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់ បានជម្រាបជូនលោករដ្ឋមន្រ្តីថា សមាគមទើបបង្កើតឡើងបានរយៈពេលប្រមាណ២ខែ បន្ទាប់ពីទទួលច្បាប់អនុញ្ញាត្តពីក្រសួងមហាផ្ទៃ ប៉ុន្តែសមាគមបាន និងកំពុងដំណើរការយ៉ាងសកម្មលើការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ អន្តរជាតិ ជាបីភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិនយ៉ាងទូលំទូលាយ។

លោកបានជម្រាបជូនលោករដ្ឋមន្រ្តីថា សមាគមបង្កើតឡើងដើម្បីគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល លើវិស័យសេដ្ឋកិច្ចដោយធ្វើយ៉ាងណាសមាគមនេះ អាចផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ អន្តរជាតិមានលក្ខណៈស៊ីជម្រៅ ដល់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ពិសេសសមាគមចង់រួមចំណែក បណ្តុះបណ្តាលធនធានមនុស្សផ្នែកសរសេរ វិភាគព័ត៌មានសេដ្ឋកិច្ចផងដែរ។

ជាការឆ្លើយតបលោកនេត្រ ភ័ត្រារដ្ឋមន្រ្តីក្រសួងព័ត៌មានបានបង្ហាញការវាយតម្លៃខ្ពស់ ចំពោះការបង្កើតសមាគមនេះឡើង ដោយលោកចាត់ទុកថា វាជាគំនិតដ៏ល្អមួយ ដែលត្រូវរួមគ្នាផ្តោតលើព័ត៌មានសេដ្ឋកិច្ច ជាជាងរឿងបែប Drama ផ្សេងៗ។

លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ ដោយឲ្យថ្នាក់ដឹកនាំសមាគមពិចារណា លើការសរសេរព័ត៌មានសេដ្ឋកិច្ច ដែលអាចផ្សារភ្ជាប់នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ឧទាហរណ៍ដូចជាតម្លៃទំនិញលើទីផ្សារត្រី សាច់ជ្រូក តម្លៃប្រាក់ដុល្លារ ជាមួយប្រាក់រៀល តម្លៃមាស ជាដើម។

លោកបញ្ជាក់ថា “អ្នកសារព័ត៌មានខ្លះ មានការយល់ច្រឡំថា ទាល់តែសរសររព័ត៌មាន ដែលបានសម្ភាសន៍ជាមួយឧបនាយករដ្ឋមន្រ្តីទើបជារឿងល្អ នោះជាការភ័ន្តច្រឡំមួយ”។ លោកបន្តថា “បច្ចុប្បន្ននៅកម្ពុជា មានសារព័ត៌មានអនឡាញប្រមាណ១០០០ មានអ្នកប្រើ Tik Tok ប្រមាណ១០លាននាក់ អ្នកប្រើ Facebook ចំនួន១៣លាននាក់ ហេតុនេះ ការផ្តោតលើព័ត៌មាន ត្រូវតែលឿន រហ័ស មានគុណភាព និងអាចទុកចិត្តបានសម្រាប់សាធារណៈជន។

ជាមួយគ្នានេះ លោកនេត្រ ភ័ត្រាក៏បានបង្ហាញការគាំទ្រ ដល់សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា ដើម្បីរៀបចំបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកសារព័ត៌មានផ្នែកសេដ្ឋកិច្ចឲ្យបានច្រើនផងដែរ៕