ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី កំពុងពិចារណាលើការអនុវត្តន៍គោលនយោបាយ ទប់ស្កាត់ការទិញអចលនទ្រព្យទុកលក់ចំណេញ ស្របពេលមានការអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស Johor-Singapore (SEZ)។
លោក Onn Hafiz Ghazi មេដឹកនាំរដ្ឋ Johor បានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះ កើតចេញពីការព្រួយបារម្ភ ទាក់ទងនឹងការទិញស្តុកទុកលក់ចំណេញ ដែលធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើង ស្របពេលមានផែនការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស។
លោកបានកត់សម្គាល់ថា ការទិញអចលនទ្រព្យស្តុកទុកលក់ចំណេញបាននាំឱ្យតម្លៃដី និងលំនៅដ្ឋានក្នុងតំបន់មួយចំនួនកើនឡើងយ៉ាងគំហុក ដែលទាមទារឱ្យមានការត្រួតពិនិត្យ និងការចាត់វិធានការពីរដ្ឋាភិបាល។
លោក Onn Hafiz បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ទប់ស្កាត់មិនឱ្យតម្លៃអចលនទ្រព្យ ហក់ឡើងថ្លៃខ្ពស់កប់ពពក ព្រោះវានឹងធ្វើឱ្យប្រជាជនរស់នៅរដ្ឋJohor ជួបប្រទះការលំបាកខ្លាំង ក្នុងការទិញអចលនទ្រព្យនៅក្នុងរដ្ឋមួយនេះ។
លោកបានបញ្ជាក់ទៀតថា “រដ្ឋាភិបាល ក៏គ្រោងនឹងពិភាក្សាផងដែរអំពីការសាងសង់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) ដែលលាតសន្ធឹងទៅលើរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី និងព្រំដែនសិង្ហបុរី”។
កាលពីខែមករាកន្លងទៅ ប្រទេសសិង្ហបុរី និងម៉ាឡេស៊ីបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេស Johor-Singapore ដែលមានគោលបំណងជំរុញការតភ្ជាប់សេដ្ឋកិច្ចឆ្លងព្រំដែន។
តាមរយៈខ្លឹមសារ MOU ភាគីទាំងពីរនឹងធ្វើការឆ្ពោះទៅរកការជំរុញលំហូរទំនិញឆ្លងកាត់ព្រំដែន និងប្រជាជន។ ជាមួយគ្នានេះ ភាគីម៉ាឡេស៊ី និងសិង្ហបុរី ក៏កំពុងស្វែងរកគំនិតផ្តួចផ្តើមផ្សេងទៀត ដូចជាប្រព័ន្ធលើកលែងលិខិតឆ្លងដែន នៅតាមច្រកព្រំដែននៃប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានលើកឡើងថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស Johor-Singapore និងតំបន់ហិរញ្ញវត្ថុពិសេស ក្នុងទីក្រុង Forest City អាចជួយជំរុញសេដ្ឋកិច្ចរបស់រដ្ឋJ ohor ឱ្យប្រសើរជាងរដ្ឋម៉ាឡេស៊ីផ្សេងទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕
ប្រភព:Bernama / ផ្ដល់សិទ្ធិដោយ: Property Area