ទំនុកចិត្តរបស់អ្នកវិនិយោគបរទេសនៅក្នុងប្រទេសចិន កើនឡើងខ្ពស់នៅក្នុងត្រីមាសទី១

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមការស្ទង់មតិថ្មីៗនេះបានបង្ហាញថា ទំនុកចិត្តក្នុងចំណោមវិនិយោគិនបរទេស ដែលកំពុងបំពេញប្រតិបត្តិការនៅក្នុងប្រទេសចិន បានកើនឡើងយ៉ាងគំហុក នៅក្នុងអំឡុងត្រីមាសទីមួយ។ចំនួនជាង៧០ភាគរយ នៃអ្នកឆ្លើយសំណួរបានបង្ហាញសុទិដ្ឋិ និយម ចំពោះទីផ្សារចិនក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ចំនួននេះ កើនឡើងប្រមាណ៣,៨ភាគរយ បើធៀបនឹងការស្ទង់មតិពីមុន ដោយក្រុមប្រឹក្សាចិន សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (CCPIT)។

លើសពីនេះទៀត ចំនួនជាងពាក់កណ្តាលនៃក្រុមហ៊ុនបរទេស ដែលត្រូវបានស្ទង់មតិ បង្ហាញការយល់ឃើញថា ទីផ្សារចិនកាន់តែមានភាពទាក់ទាញ កើនឡើងប្រហែល២,៩ភាគរយ បើធៀបនឹងការស្ទង់មតិកាលពីពេលមុន។

ជាមួយគ្នានេះ ក្រុមអ្នកឆ្លើយសំណួរភាគច្រើនរំពឹងថា ពួកគេនឹងទទួលបានប្រាក់ចំណេញ កាន់តែប្រសើរឡើងពីការវិនិយោគ នៅប្រទេសចិន ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដោយនៅក្នុងនោះ ក្រុមហ៊ុនអឺរ៉ុប ចូលរួមចំណែកជិត៦០ភាគរយ នៃទស្សនវិស័យសុទិដ្ឋិនិយមនេះ។

ម្យ៉ាងវិញទៀត ចំនួនសហគ្រាស ដែលគ្រោងនឹងជំរុញបង្កើនការវិនិយោគ នៅក្នុងប្រទេសចិននៅឆ្នាំ២០២៤នេះ បានកើនឡើង២,១ភាគរយ ដោយនៅក្នុងនោះក្រុមហ៊ុនអាមេរិកខាងជើង បាននាំមុខគេ ក្នុងការសម្តែងមតិវិជ្ជមាន អំពីផែនការពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសចិន។

លោកស្រី Zhao Ping អ្នកនាំពាក្យក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (CCPIT) បានកត់សម្គាល់ថា “ភាពទាក់ទាញរបស់ទីផ្សារចិន សម្រាប់ការវិនិយោគបរទេស នៅតែមានភាពរឹងមាំ”។ លោកស្រី Zhao បានបន្ថែមថា “បរិយាកាសវិនិយោគដ៏អំណោយផលរបស់ប្រទេសចិន គួបផ្សំនឹងការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះការចូលរួមជាសកល បានពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគបរទេសចំពោះទីផ្សារចិន”៕

ប្រភព: CGTN៕