ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ ខណៈកិច្ចចរចាបទឈប់បាញ់ រវាងអុីស្រាអែល និងក្រុមហាម៉ាសនៅទីក្រុងគែរ បានបន្ធូរបន្ថយភាពតានតឹង គួបផ្សំនឹងការព្រួយបាម្ភអំពីទស្សនវិស័យនៃការបញ្ចុះអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។
តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៥សេន ដល់៨៨,៣៥ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0006 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានធ្លាក់ចុះ១២សេន មកនៅត្រឹម៨២,៥១ដុល្លារក្នុងមួយបារ៉ែល។
លោក Daniel Ghali អ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុន TD Securities បានលើកឡើងថា“ទីផ្សារកំពុងរង់ចាំយ៉ាងអន្ទះសារនូវរបាយការណ៍អត្រាអ្នកមានការងារធ្វើ ខណៈទីផ្សារជឿជាក់ថា ធនាគារ Fed នឹងមិនប្រញាប់ប្រញាល់ក្នុងការកាត់បន្ថយអត្រាការប្រាក់ឡើយ ដោយសារមានសញ្ញានៃអតិផរណា និងកំណើនសេដ្ឋកិច្ចដែលមានភាពធន់”។
ស្របពេលជាមួយគ្នានេះ វិនិយោគិនមើលឃើញឱកាសចំនួន៥៧ភាគរយនៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះតិចតួចមកនៅត្រឹម១០៥,៧៣ពិន្ទុ ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ។
ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃអង្គារនេះ ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យសេដ្ឋកិច្ចមួយចំនួន ប្រាក់ចំណូលសាជីវកម្ម និងកិច្ចប្រជុំគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក។
តាមរយៈការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃប្រមាណ០,២៧ភាគរយ គិតត្រឹមម៉ោង៩:៥៤នាទីព្រឹក។
ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៣៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៤៦ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,០៣៦ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,០៦២ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,២២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៦៣ភាគរយ៕