ដោយៈ និស្ស័យ
ភ្នំពេញៈ មេដឹកនាំកម្ពុជា ឡាវ បានសម្រេចឯកភាពលើការជម្រុញឲ្យអាជ្ញាធរពាក់ព័ន្ឋពន្លឿនការកំណត់ទីតាំង ដើម្បីរៀបចំសាងសង់ស្ពានតភ្ជាប់រវាងប្រទេសទាំងពីរ ក្នុងគោលដៅសម្រួលការធ្វើពាណិជ្ជកម្ម។
ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង លោកថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រ កម្ពុជា ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤កន្លងមកនេះ។
យោងតាមសេចចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និសហប្រតិបត្តិការអន្តរជាតិស្តីពី លទ្ធផលនៃដំណើររបស់ប្រធានរដ្ឋ បានឲ្យដឹងថា កម្ពុជា-ឡាវ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការកំណត់ទីតាំងសាងសង់ស្ពាន ឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/សេឡាំផាវ(ឡាវ) ដើម្បីសម្របសម្រួលដល់លំហូរប្រជាជន ពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍រវាងប្រទេសទាំងពីរ។
ចំណែកឯវិស័យសន្តិសុខ និងការពារជាតិ ភាគីទាំងពីរ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរួម លើបញ្ហាសន្តិសុខនានា រវាងអាជ្ញាធរពាក់ព័ន្ធនៅតាមតំបន់ព្រំដែន ជាពិសេសការទប់ស្កាត់និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។
ចំពោះកិច្ចការព្រំដែន ថ្នាក់ដឹកនាំទាំងពីរ កោតសរសើរចំពោះការផ្លាស់ប្ដូរលិខិតតុបករណ៍សច្ចាប័ន និងការចុះហត្ថលេខាលើកំណត់ហេតុស្ដីពី ការផ្លាស់ប្តូរលិខិតតុបករណ៍សច្ចាប័ន នៃសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ ក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជានៅប្រទេសឡាវ។
ភាគីទាំងពីរ បានឯកភាពគ្នាដោះស្រាយ កំណាត់ព្រំដែននៅសេសសល់ចំនួន ១៤% ដោយសន្តិវិធី ដើម្បីកសាង ព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។
ដោយឡែកចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យថាមពល កម្ពុជាបានថ្លែងអំណរគុណឡាវ ដែលបានបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ភាគីទាំងពីរបាន លើកទឹកចិត្តដល់អាជ្ញាធរកម្ពុជា និងឡាវ អនុវត្តឱ្យមានប្រសិទ្ធភាពនូវកិច្ចព្រមពៀង និងអនុស្សរណៈយោគយល់គ្នានានាពាក់ព័ន្ធ នឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល រួមមានកិច្ចព្រមព្រៀងថ្មីស្ដីពីកិច្ច សហប្រតិបត្តិការថាមពល រវាងរដ្ឋាភិបាលទាំងពីរ និងអនុស្សរណៈយោគយល់គ្នាស្ដីពី ការទិញថាមពលបៃតង និងការសិក្សាសមិទ្ធិលទ្ធភាព កសាងបណ្តាញបញ្ជូនថាមពលអគ្គិសនីទៅកម្ពុជា ដែលបានចុះ ហត្ថលេខាក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី នៅប្រទេសឡាវ។
ក្នុងដំណើរនោះ លោកប្រធានរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជា ដែលបានរួមចំណែកជាទឹកប្រាក់១លានដុល្លារអាមេរិក គាំទ្រឡាវជាប្រធានអាស៊ាន ឆ្នាំ២០២៤ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី នៅប្រទេសឡាវ កាលពីខែមុន៕