ថ្នាក់ដឹកនាំសមាគម CEMEA ប្រកាសគាំទ្រគំរោងព្រែកជីកហ្វូណនតេជោដោយឥតងាករ៉េ

      ដោយៈ សហសេវិក

      ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការគាំទ្រនូវផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា លើការជីកព្រែកជីក “ហ្វូណនតេជោ”។

លោកកៃ គឹមសុង អនុប្រធានសមាគម CEMEA បានលើកឡើងកាលពីល្ងាចថ្ងៃទី២៥ មេសាថា លោកគាំទ្ររាជរដ្ឋាភិបាលទាំងស្រុង ព្រោះព្រែកជីកនេះ ជាអត្ថប្រយោជន៍សេដ្ឋកិច្ចកម្ពុជា ហើយការជីកព្រែកនេះ ដើម្បីកុំឲ្យយើងខ្ចីដង្ហើមប្រទេសជិតខាងដកតទៅទៀត។

       លោកបញ្ជាក់ថា “អ្វីដែលជាគំរោងរបស់កម្ពុជា កម្ពុជាត្រូវតែធ្វើ ព្រោះវាស្ថិតនៅលើទឹកដីកម្ពុជា ប្រទេសផ្សេងមានសិទ្ឋ មានអំណាចអី ដែលត្រូវមកត្រួតត្រាលើប្រទេសយើងតទៅទៀតទី១”។ ទី២ បើទន្លេរមេគង្គមិនមានផលប៉ះពាល់អ្វីទេ វានៅដៃទន្លេរបាសាក់”។

លោកបន្តថា នៅពេលប្រទេសប្រទេសវៀតណាមជីកព្រែក និងសាងសង់ទំនប់វារីអគ្គិសនី កម្ពុជាមិនដែលឈឺក្បាលនោះឡើយ ហើ​យវៀតណាមមិនបានប្រាប់កម្ពុជាទេ។ ដូច្នេះកម្ពុជាមិនចាំបាច់អី ត្រូវប្រាប់ ឬសុំប្រទេសវៀតណាមទេ។

លោកបានបន្តដោយលើកជាសំណួរថា “កន្លងមកវៀតណាម ប្រកាសថា ជាបងប្អូនរបស់កម្ពុជា អញ្ចឹងហេតុអីត្រួវជំទាស់ ឬមិនចង់ឃើញកម្ពុជារីកចម្រើនឬយ៉ាងណា?។

       ចំណែកលោកស្រី ញ៉ សុខឃីម ហៅហាន ស៊ូជីន អនុប្រធានសមាគមដដែលនេះបានបញ្ជា​ក់ថា អ្វីដែលលោកស្រីដឹង គឺព្រែកជីកនេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេង ក្នុងការដឹកជញ្ជូនតាមផ្លូវទឹក តភ្ជាប់ទៅកាន់សមុទ្រ។

លោកស្រីបន្តថា “វាមានសារៈសំខាន់ណាស់ សម្រាប់សេដ្ឋកិច្ច ព្រោះព្រែកជីកនេះកាត់បន្ថយចម្ងា​យ ពេលវេលា តម្លៃ និងនិតិវិធីបែបបទនានា”។ លោកស្រីបន្ថែមថា “យើងនឹងងាយស្រួល ក្នុងការដឹកជញ្ជូនទៅកាន់ប្រទេសទី៣ ក្នុងតម្លៃដឹកជញ្ជូនចេញ និងចូលក្នុងតម្លៃសមរម្យ និងមានភាពឆាប់រហ័ស”។

លោកស្រី ញ៉ សុខឃីម បានបន្តថា “ព្រែកជីកហ្វូណនតេជោ នឹងអាចឲ្យកម្ពុជា មានភាពរីកចម្រើនលើវិស័យទេសចរណ៍ និងអភិវឌ្ឍន៍ប្រទេសបានទំនើប និងនាំកម្ពុជាឆ្ពោះទៅកាន់ឋានៈ ជាប្រទេស​មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់​ នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ខាងមុខ។

លើសពីនេះ លោកលីម ឡាយហ៊ត អនុប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ព្រែកជីកហ្វូណន ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សេដ្ឋកិច្ចកម្ពុជា ប្រទេសកម្ពុជា ពឹងផ្អែកយ៉ាងខ្លាំងក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ដូច្នេះហេដ្ឋារចនាសម្ព័ន្ឋពិតជាចាំបាច់ខ្លាំង ទាំង ផ្លូវគោក ផ្លូវដែកនិងផ្លូវទឹក ។

លោកបញ្ជាក់ថា សព្វថ្ងៃកសិផលរបស់ប្រជាជនកម្ពុជា ពឹងផ្អែកលើការដឹកជញ្ជូនតាមទ្បាន ថ្លៃដឹកជញ្ជូនខ្ពស់ដែលធ្វើអោយកម្ពុជាពិបាកប្រកួតប្រជែងប្រទេសជិតខាង”។ លោកបន្ថែមថា “ដូច្នេះពេលដែលព្រែកជីកហ្វូណន ដាក់អោយប្រើប្រាស់នោះ នឹងធ្វើអោយថ្លៃដឹកកសិផលកម្ពុជាថោកជាងមុន ហើយអាចនាំចេញផ្ទាល់ទៅកាន់បរទេ​ស ដោយមិនចាំបាច់ពឹកផ្អែកលើប្រទេសជិតខាង”។

ជាមួយគ្នានេះ លោកនួន សុថេរ៉ូ សមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនសារព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា សម្រា​ប់លោក ក្នុងនាមជាពលរដ្ឋកម្ពុជា មានមោទនភាពខ្លាំងណាស់ ដែលយើងនឹងមានព្រែកជីកហ្វូណនតេជោនេះ ព្រោះវាផ្តល់សក្តានុពលខ្លាំងណាស់ដល់កម្ពុជា សម្រាប់រយៈពេលយូរអង្វែង រួមទាំងជម្រុញវិស័យសេដ្ឋកិច្ច កសិកម្ម និងវិស័យទេសចរណ៍។

       លោកបញ្ជាក់បន្តថា “សម្រាប់ជាតិយើងទាំងមូល ដែលមានប្រព័ន្ឋផ្លូវទឹកពីទន្លេរ ដល់សមុទ្រ ជាការបង្កើតឲ្យមានសសៃឈាម​សេដ្ឋកិច្ចដ៏ខ្លាំង”។

       ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់ បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមប្រជាពលរដ្ឋម្នាក់ ក៏ដូចជាថ្នាក់ដឹកនាំសមាគម លោកគាំទ្រការជីកព្រែក ដែលមានតម្លៃជាប្រវត្តិសាស្រ្តនេះ ព្រោះព្រែកជីកនេះ​មិនត្រឹមតែផ្តល់គុណតម្លៃផ្នែកសេដ្ឋកិច្ចនោះទេ ប៉ុន្តែវាជាការពង្រឹងឯករាជ្យភាពរបស់កម្ពុជា។

       លោកបន្តថា “កម្ពុជាពុំចាំបាច់ទទួលការយល់ព្រម ពីប្រទេសណាមួយទេ ក្នុងការជីកព្រែកដ៏សំខាន់នេះ ព្រោះព្រែកនេះស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា”។ លោកបន្តថា “ការបង្កអរិយភាពរបស់ប្រទេសជិតខាង មិនមែនជារឿងថ្មីទេក្នុងប្រវត្តិសាស្រ្ត ប៉ុន្តែប្រទេសជិតខាង គួរមានគំនិតស៊ីវិល័យជាងនេះ ដើម្បីរួមគ្នាក្នុងការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅរកភាពស៊ីវិល័យ និងវិបុលភាព”។

លោក អាន ច័ន្ទថ្លា អនុប្រធានសមាគម CEMEA បានថ្លែងថា នេះគឺជាមោទនភាពមួយ ដែលប្រទេសកម្ពុជានឹងអាចសម្រេចបានការអភិវឌ្ឍរយៈពេល 20 ឆ្នាំកន្លងមកនេះ ជាមួយនឹងកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស និងជាវឌ្ឍនភាពមួយ ដែលកម្ពុជាសម្រេចបានជាជំហានជាជំហាន។

លោកបន្តថា ការជីកព្រែកហ្វូណនតេជោ អាចបង្ហាញឲ្យឃើញពីភាពខ្លាំងរបស់កម្ពុជា ចំពោះដំណើរនៃការអភិវឌ្ឍន៍ គឺឆ្ពោះទៅមុខ ហើយក៏មិនថយក្រោយ”។ លោកបន្ថែមថា “សមិទ្ធផលនេះ នឹងអាចបង្កើតប្រវត្តិសាស្ត្រថ្មីមួយ របស់កម្ពុជារាប់រយឆ្នាំទៅនុខ ដែលយើងមិនងាយនឹងសម្រេចបាននូវសមិទ្ធផលដ៏ធំបែបនេះ”។


ចំណែកលោក អ៊ុំ សារ៉ាវុធ អនុប្រធានប្រចាំការសមាគម CEMEA បានមានប្រសាសន៍ថា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺជាផ្លូវសេដ្ឋកិច្ចមួយយ៉ាងសំខាន់ សម្រាប់ប្រទេសកម្ពុជាយើង។


លោកបញ្ជាក់ថា “ដូច្នេះខ្ញុំពិតជាគាំទ្រពេញទំហឹង ចំពោះគម្រោងដ៏សំខាន់មួយនេះ”។

ជាមួយគ្នានេះ លោកសយ សុភាអនុប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាបានថ្លែងថា វាពិតជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច ប្រជាពលរដ្ឋរស់នៅតាមដងព្រែកនេះ និយាយដោយឡែក ព្រោះវានឹងនាំទំនិញ កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ហើយក៏ជាច្រកនាំទំនិញពីក្រៅប្រទេស មកកាន់រាជធានីភ្នំពេញ តាមរយៈមធ្យោបាយទឹក ដែលមធ្យោបាយទឹកនេះជាសសៃឈាមមួយ ដែលធ្លាប់ធ្វើឲ្យអាណាចក្រខ្មែររីកចម្រើន។

លោកបន្តថា “ដូច្នេះការគិតគូរបស់ប្រមុខរដ្ឋាភិបាល លើការជីកព្រែកហ្វូណនតេជោនេះ នឹងនាំមកឲ្យកម្ពុជានូវការអភិវឌ្ឍសេដ្ឋកិច្ចខ្លាំងក្លា ដូចអ្វីដែលរដ្ឋាភិបាលបានកំណត់នៅឆ្នាំ២០៣០ ប្រែក្លាយកម្ពុជាជាប្រទេស មានប្រាក់ចំណូលមធម្យមកម្រិតខ្ពស់ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០”។