ដោយៈ យិន លាងគង់
ភ្នំពេញៈ មនុស្សឆ្លាតតែងតែប្រើបញ្ញា ដែលអាចវិភាគបានតាម រយៈវិចារណៈញ្ញាណរបស់ខ្លួន ព្រោះវិចារណៈញ្ញាណ ជាសារធាតុម្យ៉ាងដែលធ្វើឲ្យមនុស្សឆ្លាតជាងសត្វដទៃ។
ប៉ុន្តែក្នុងសង្គមជាក់ស្តែង ពិសេសប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍តិចតួចបំផុត មនុស្សរបស់ប្រទេសនោះនិយមប្រើប្រាស់អារម្មណ៍ សម្រាប់សម្រេចចិត្ត និងវិនិច្ឆ័យលើរឿងអ្វីមួយ តាមរយៈគំហើញ ជាជាងការយកអ្វីដែលខ្លួនបានឃើញ បានលឺនោះយកមកពិចារណាឲ្យគ្រប់ជ្រុងជ្រោយ វិភាគឲ្យបានស៊ីជម្រៅ ល្អិតល្អន់ជាមុនសិន ។
តើប្រជាពលរដ្ឋខ្មែរមួយចំនួន ជាមនុស្សប្រើប្រាស់អារម្មណ៍ដើម្បីវិនិច្ឆ័យលើរឿងអ្វីមួយពិតឬទេ? ចម្លើយគឺ “ជាការពិត”។
ការពិតនៅត្រង់ថា នៅលើបណ្តាញទំនាក់ទំនងសង្គមក្តី នៅលើប្រព័ន្ឋផ្សព្វផ្សាយព័ត៌មានក្តី នៅពេលពួកគេឃើញករណីគ្រួសារណាមួយឈ្លោះគ្នា ពួកគេចូលទៅធ្វើបុរេវិនិច្ឆ័យភ្លាម ដោយមិនបានសិក្សាពីជម្រៅនៃបញ្ហាគ្រួសាររបស់គេនៅឡើយ។
ទាក់ទងប្រព័ន្ឋផ្សព្វផ្សាយវិញ ពួកគេមិនចូលចិត្តអានអត្ថបទឲ្យចប់ចុងចប់ដើម យកមកវិភាគពិចារណានៅឡើយទេ ប៉ុន្តែពួកគេឃើញតែចំណងជើងភ្លាម ពួកគេរិះគន់ភ្លាម ដោយពួកគេមិនទាំងមានចំណេះដឹងលើផ្នែកនោះ ឬមិនបានសិក្សាពីមូលហេតុអ្វី តើអត្ថបទឬ វីដេអូនោះមានប្រភពពីណានៅឡើយទេ។
ការធ្វើបុរេវិនិច្ឆ័យបែបនេះ បញ្ជាក់ថា “អ្នកជាមនុស្សគ្មានសុភវិនិច្ឆ័យ គឺធ្វើតាមសភាវគតិ”។ មនុស្សមិនធ្វើអ្វីតាមសភាវគតិទេ គឺត្រូវប្រើប្រាស់វិចារណញ្ញាណ ដើម្បីអាចវិភាគ ពិចារណាដឹងថា អ្វីខុស អ្វីត្រូវ អ្វីល្អ អ្វីអាក្រក់ អ្វីស អ្វីខ្មៅជាដើម។
ការប្រើប្រាស់សភាវគតិ តែម្យ៉ាងមិនគ្រប់គ្រាន់នោះទេ ព្រោះមានតែសត្វប៉ុណ្ណោះ ដែលប្រើប្រាស់សភាវគតិ ជាមូលដ្ឋាននៃដំណើរជីវិតរបស់ពួកគេ។
ហេតុនេះ ការធ្វើបុរេវិនិច្ឆ័យភ្លាមៗលើរឿងអ្វីមួយ លើបញ្ហាអ្វីមួយ មិនគួរត្រូវយកមកប្រើប្រាស់ក្នុងសង្គមនោះឡើយ ព្រោះបើសង្គមសម្បូរមនុស្សបែបនោះ សង្គមនោះនឹងមិនស្គាល់អ្វីហៅថា ស៊ីវិល័យ ហើយប្រជាជនរបស់ប្រទេសនោះ នឹងមិនទទួលបាននូវអ្វីហៅថា “ជាអរិយជន”ឡើយ៕
ផ្ដល់សិទ្ធិដោយ៖ Property Area Asia