ភ្នំពេញៈ Laos-China Railway Co., Ltd. (LCRC) ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ដែលមានមូលដ្ឋាន នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ត្រូវបានគេរាយការណ៍ថា បានទទួលភ្លើងខៀវពីរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍបណ្តាញផ្លូវដែកនៅកម្ពុជា និងការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿន រវាងប្រទេសកម្ពុជា និងឡាវ។
តំណាងក្រុមហ៊ុនផ្លូវដែកឡាវ-ចិន បានលើកឡើងពីគម្រោងនេះក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃនៅប្រទេសឡាវ។
អ្នកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះបាន ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រុមហ៊ុនធ្វើការជាមួយក្រុមហ៊ុន Royal Railway។
លោកនាយករដ្ឋមន្ត្រី បានស្នើក្រុមហ៊ុនអោយធ្វើការជាមួយលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលជាម្ចាស់ក្រុមហ៊ុន Royal Railwayនៅកម្ពុជា។
ប៉ុន្តែបច្ចុប្បន្នមិនទាន់មានព័ត៌មានលម្អិត អំពីការតភ្ជាប់ថ្មីថានឹងត្រូវបានអនុវត្តយ៉ាងណានោះទេ។
បច្ចុប្បន្ននេះមិនមានផ្លូវរថភ្លើងតភ្ជាប់កម្ពុជា និងឡាវដោយផ្ទាល់ទេ។ ទោះជាយ៉ាងណាក៏ដោយ ក៏មានការកើនឡើងនៃចំនួនផ្លូវរថភ្លើងនៅក្នុងប្រទេសទាំងពីរ។
គម្រោងតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងឡាវ ធ្លាប់ត្រូវបានលើកយកមកពិភាក្សាដោយសម្តេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ លោក SonexaySiphandone កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ។
បច្ចុប្បន្នកម្ពុជាមានផ្លូវដែកចំនួនពីរខ្សែរ គឺភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ខេត្តព្រះសីហនុ។ បណ្តាញផ្លូវដែកនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនRoyal Railway ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group ។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋាភិបាលគ្រោងនឹងកែលម្អផ្លូវដែក ដែលមានស្រាប់ទៅជាផ្លូវរថភ្លើងល្បឿនលឿន។
សម្តេច ហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់បានអោយដឹងទៀតថា ប្រសិនបើគម្រោងនេះ កើតឡើងនៅពេលអនាគត ការតភ្ជាប់ផ្លូវដែកកម្ពុជា-ឡាវ នឹងផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់ប្រទេសទាំងពីរ ក្នុងការដឹកជញ្ជូនទំនិញ និងអ្នកដំណើរទៅកាន់ប្រទេសចិន និងតភ្ជាប់ផ្លូវដែកចិន-អឺរ៉ុប។
ក្នុងជំនួបដែលធ្វើឡើងនៅទីក្រុងវៀងចន្ទន៍ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរព្រំដែន ជួយសម្រួលដល់ទំនាក់ទំនងប្រជាជន ទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ ទាំងពីរបានលើកទឹកចិត្ត អ្នកបច្ចេកទេសក្នុងការជ្រើសរើសទីតាំង សម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ ក្នុងប្រទេសកម្ពុជា និងទន្លេសាឡាំប៉ាវ ប្រទេសឡាវឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
ផ្ដល់សិទ្ធិដោយ៖ Property Area Asia