ភ្នំពេញៈ នៅទសវត្សរ៍ទី៩០ កម្ពុជាបានលឺពាក្យលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាប្រចាំ តាមរយៈប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិ ប៉ុន្តែចាប់ពីដើមទសវត្សរ៍ឆ្នាំ២០០០ មកប្រព័ន្ធផ្សព្វផ្សាយនានាបានផ្តោតលើសុខសន្តិភាព និងការអភិវឌ្ឍន៍វិញ។
ចាប់ពីឆ្នាំ២០១០ ស្ថាប័នសារគមនាគមន៍ជាច្រើនបានបែរមកចាប់ផ្តើមផ្សព្វផ្សាយពីគំរោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចជាគំរោងអភិវឌ្ឈន៍នានារបស់វិស័យឯកជន ប៉ុន្តែចំនួនអត្ថបទ និងវីដេអូដែលបានផលិតផ្សព្វផ្សាយនោះ នៅមិនទាន់មានលក្ខណៈស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងអាចយកជាមូលដ្ឋានគិតពិចារណានៅឡើយ។
ដោយមើលឃើញកង្វះខាត និងចន្លោះប្រហោងទាំងនេះ ទើបសហគ្រិនសារព័ត៌មានក្នុងស្រុកជាង ១០ ស្ថាប័នរួមគ្នាបង្កើតសហគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (Cambodia Economic Media Entrepreneur Association) ដោយផ្តោតលើព័ត៌មានសេដ្ឋកិច្ច ដើម្បីជម្រុញ និងបង្កើនការផ្សព្វផ្សាយគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការអភិវឌ្ឍន៍ អចលនទ្រព្យទៅកាន់មជ្ឈដ្ឋានជាតិ អន្តរជាតិឲ្យបានដឹងពីកាលានុវត្តន៍ភាពពិតនៅកម្ពុជា។
«យើងចង់រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីរុញច្រានប្រទេសនេះឲ្យឈានឆ្ពោះ ទៅកាន់ឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ខាងមុខ។
ការទទួលបានព័ត៌មាន “វិជ្ជមាន” វានឹងធ្វើឲ្យយើងគិតវិជ្ជមាន និងមានសារៈសំខាន់ ក្នុងការផ្តល់មូលដ្ឋានវិភាគ ពិចារណា ដើម្បីសម្រេចចិត្តធ្វើការវិនិយោគលើវិស័យអ្វីមួយ ដែលវាជាបុព្វហេតុដ៏សំខាន់សម្រាប់ (CEMEA) ក្នុងការជ្រោងទង់កម្ពុជាលើឆាកជាតិ និងអន្តរជាតិ។
គួររំលឹកផងដែរថា ប្រទេសកម្ពុជាបានឆ្លងកាត់នូវយុគសម័យមាស និងជួបនូវវិបត្តិសេដ្ឋកិច្ច សង្គម និងនយោបាយនាប៉ុន្មានទសវត្សរ៍កន្លងមកផងដែរ។ ប៉ុន្តែការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងពលរដ្ឋផង កម្ពុជាទទួលបាននូវការរីកចំរើនគូរអោយកត់សម្គាល់ស្ទើរគ្រប់វិស័យ។
យុគសម័យមាសបានចាប់ផ្តើមនៅកម្ពុជា កាលពីចុងអំឡុងទសវត្សរ៍ទី៩០ ជាពេលដែលខ្មែររួបរួមគ្នា ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍។ ស្នាមញញឹមដែលខានឃើញជាយូរមកហើយ បានលេចឡើងលើផ្ទៃមុខរបស់ជនរួមជាតិនេះ។ ពួកគេកសាងជីវិតជាមួយវិបុលភាពជាងមុន។ ក្តីសង្ឃឹមសារដ៏សំខាន់ ដែលប្រជាជាតិនេះ ត្រូវធ្វើដំណើរឆ្ពោះទៅមុខ ដើម្បីកសាងខឿនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។
សម្លេងគ្រាប់កំភ្លើងបានបញ្ចប់ ជំនួសមកវិញនូវស្នាមញញឹម សុខសន្តិភាព និងការអភិវឌ្ឍន៍ ដែលជាលទ្ឋផលនៃការខិតខំប្រឹងប្រែង មិនចេះនឿយហត់របស់រដ្ឋាភិបាល បានធ្វើឲ្យកម្ពុជាលេចត្រដែតឡើងលើឆាកអន្តរជាតិ តាមរយៈការសមាហរណកម្មខ្លួនឯងក្នុងសហគមន៍សេដ្ឋកិច្ចក្នុង និងក្រៅតំបន់៕