មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ ពិភាក្សាជាមួយអ្នកជំនាញកាធនាគារ AIIB លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជាមួយក្រុមអ្នកជំនាញការ AIIB ដើម្បីពិភាក្សាលើបេសកកម្មចុះពិនិត្យមើលទីតាំងជាក់ស្តែងលើកទី២ និងការរៀបចំគម្រោងជំរុញ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែននៅកម្ពុជា (3CEP)។

លោកវ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោកជំទាវឥម នីថារ៉ា រដ្ឋលេខាធិការ និងជានាយកគម្រោង3CEP បានអញ្ជើញប្រជុំជាមួយក្រុមអ្នកជំនាញការ Asian Infrastructure Investment Bank (AIIB) ដើម្បីពិភាក្សាលើបេសកកម្ម ចុះពិនិត្យមើលទីតាំងជាក់ស្តែងលើកទី២ និងការរៀបចំគម្រោងជំរុញការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែននៅកម្ពុជា (Cambodia-Cross Border Connectivity Enhancement Project -3CEP)។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណងសំខាន់ៗចំនួន២គឺ ទី១.) ពន្លឿនកិច្ចការងារពាក់ព័ន្ធ ដែលនៅសេសសល់ផ្សេងៗ សំដៅជំរុញបញ្ចប់ដំណាក់កាលរៀបចំរបស់គម្រោង និង ២.) ចុះត្រួតពិនិត្យជាក់ស្ដែង (លើកទី២) លើទីតាំងសំខាន់ៗរបស់គម្រោង ដើម្បីត្រៀមរៀបចំសិក្សាសមិទ្ធិលទ្ធភាព និងគំនូសប្លង់លម្អិតរបស់គម្រោង សំដៅធ្វើយ៉ាងណាឱ្យគម្រោងនេះអាចអនុវត្តបានឆាប់ ប្រកបដោយប្រសិទ្ធភាព ដែលនឹងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចឆ្លងកាត់ព្រំដែននៃកម្ពុជា៕