ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនលេខាធិការដ្ឋាន ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ចូលធ្វើបទបង្ហាញ និងចែករំលែកនូវបទពិសោធន៍លើ ការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal)។

កិច្ចប្រជុំនេះបានធ្វើឡើង កាលពីទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោកគង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវា អេឡិចត្រូនិកសម្រាប់ធុរកិច្ច ដឹកនាំលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួង រៀបចំសេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ចធ្វើបទបង្ហាញ និងចែករំលែកនូវបទពិសោធន៍ លើការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal)។

ការធ្វើបទបង្ហាញនេះ ក្នុងគោលបំណងបង្ហាញអំពីដំណើការរបស់ប្រព័ន្ធ Single Portal និងចែករំលែកនូវបទពិសោធន៍ផ្ទាល់លើការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) បន្ទាប់ពីបានដាក់ដំណើការ ជាផ្លូវការអស់រយៈពេលជាង៤ឆ្នាំ ដោយក្នុងនោះក្រសួងពាណិជ្ជកម្ម បានចូលរួមផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធ ចាប់តាំងពីការចាប់ផ្ដើមដំបូងក្នុងការបើកការដ្ឋានរៀបចំប្រព័ន្ធ ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal)៕