ប្រធាន MFI ស្នើរដ្ឋាភិបាលជួយជម្រុញអាជ្ញាធរមូលដ្ឋាន សហការដើម្បីផ្តល់ចំណេះដឹងហិរញ្ញវត្ថុដល់សាធារណៈជន

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាសមាគមមីក្រូហិរញ្ញវត្ថុ លោកជំទាវឌិត នីតា បានលើកឡើងក្នុងកិច្ចប្រជុំមួយ ដោយស្នើរដ្ឋាភិបាលជួយជម្រុញអាជ្ញាធរមូលដ្ឋាន ជួយសហការដើម្បីផ្តល់ចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ។

         លោកជំទាវបានថ្លែង ក្នុងកិច្ចប្រជុំមួយកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នសមាគម បាននិងកំពុងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ការអប់រំចំណេះដឹងដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តចំនួន៤ ដែលជាគំរោងសាកល្បងមួយរបស់សមាគម។

         លោកជំទាវបានបន្តថា “គំរោងនេះជាផ្នែកមួយនៃភូមិ ឃុំមានសុវត្ថិភាព ព្រោះបើអាជ្ញាធរមានចំណេះដឹងហិរញ្ញវត្ថុ វាអាចជួយប្រជាពលរដ្ឋ”។ លោកជំទាវបន្តថា “យើងបានជ្រើសរើសជនបង្គោលនៅមូលដ្ឋាន បានចំនួនចន្លោះពី៣០ ទៅ៤០នាក់ ហើយបើចង់បានចំនួនច្រើនជាងនេះ ទាល់តែរដ្ឋាភិបាលជូយ”។

         លោកជំទាវឌិត នីតាបានបញ្ជាក់ថា ប្រសិនជារដ្ឋាភិបាលលើកឡើងពីចំណេះដឹង និងសុវត្ថិភាពហិរញ្ញវត្ថុ ពួកយើងអាចទៅនិយាយជាមួយអាជ្ញាធរមូលដ្ឋាន ទទួលបានប្រសិទ្ឋភាពលឿន ព្រោះបើប្រើប្រាស់សមាគម ទៅនិយាយក៏ពិបាកផងដែរ។

         លោកជំទាវបន្តទៀតថា សមាគមបាន និងកំពុងយកបញ្ហាសុវត្ថិភាពហិរញ្ញវត្ថុរបស់អតិថិជន ជាអាទិភាពផងដែរ ព្រោះស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួន ក៏ធ្វើការមានការខ្វះចន្លោះផងដែរ ហេតុនេះទើបសមាគមកំពុងធ្វើកិច្ចការនេះ តាមរយៈការធ្វើប្រតិបត្តិការឲ្យមានតម្លាភាព និងការទទួលខុសត្រូវខ្ពស់៕