ដោយ: គង់ លាងហួរ
អន្តរជាតិ: អគារ “The Muraba Veil” នឹងក្លាយជាអគារខ្ពស់កប់ពពកដែលមានរូបរាងស្តើងបំផុតនៅទីក្រុងឌូបៃរបស់ប្រទេសអារ៉ាប់រួម និងជាអគារស្តើងបំផុតមួយនៅលើពិភពលោក ដែលមានប្រវែងទទឹងត្រឹមតែ២២,៥ម៉ែត្រប៉ុណ្ណោះ។
ទទឹងនៃអគារនេះមានប្រវែងប្រហាក់ប្រហែលនឹងប្រវែងផ្ទះល្វែងមួយប៉ុណ្ណោះ។ ប៉ុន្តែ អគារ “The Muraba Veil”នឹងត្រូវបានសាងសង់ឡើងដល់កម្ពស់៣៨០ម៉ែត្រ ដែលជាសំណង់អគារដ៏អស្ចារ្យមួយស្ថិតនៅលើដងវិថី Sheikh Zayed ក្នុងទីក្រុងឌូបៃ។
គម្រោងអគារដ៏ស្តើងនេះ ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Muraba និងត្រូវបានរចនាគូសប្លង់ដោយក្រុមហ៊ុន RCR Arquitectes ដែលជាក្រុមហ៊ុនឈ្នះពានរង្វាន់រចនា Nobel of architecture ពីកម្មវិធី The Prestigious Pritzker Prize នៅប្រទេសអារ៉ាប់រួម។
នេះជាលើកទី៥ហើយ ដែលក្រុមហ៊ុនទាំង២ បានសហការគ្នាលើការអភិវឌ្ឍន៍អគារក្នុងទីក្រុងឌូបៃ។ យ៉ាងណាមិញ អគារ The Muraba Veil មានលក្ខណៈពិសេស ដោយសារតែកម្រាស់ដ៏ស្តើង និងត្រូវបានធ្វើឱ្យប្រាកដថា សំណង់ គ្រឹះ និងសណ្ឋានដី មានលក្ខខណ្ឌសមស្របសម្រាប់ការសាងសង់អគារនេះ។
ការសាងសង់អគារនេះគ្រោងនឹងបញ្ចប់រួចរាល់នៅខែធ្នូ ឆ្នាំ២០២៨ខាងមុខ ដែលក្នុងនោះរួមមានអាផាតមុិន និងផ្ទះប្រណីត (Penthouse) ដែលមានតម្លៃចាប់ពី៤,៩លានដុល្លារអាមេរិកឡើងទៅ។
រីឯ យូនីតអាផាតមុិននីមួយៗនឹងមានទទឹងប្រវែង២២,៥ម៉ែត្រ ដែលត្រូវបានរចនាប្លង់ជាផ្ទះអារ៉ាប់ (Arabian House) ព្រមទាំងមានទីធ្លា Courtyard ផ្នែកខាងក្នុង អមជាមួយសួនបៃតង ការរចនាម៉ូដ និងការរចនាពណ៌ដ៏ស័ក្តិសមបំផុត សម្រាប់ទីតាំង បរិយាកាស និងវប្បធម៌នៃទីក្រុងឌូបៃ៕ប្រភព: CNN៕