ដោយ: គង់ លាងហួរ
អន្តរជាតិ: មហាសេដ្ឋីលំដាប់ពិភពលោកលោក Elon Musk ត្រូវបានគេរាយការណ៍ថា បានទិញអចលនទ្រព្យតម្លៃ៣៥លានដុល្លារអាមេរិកនៅទីក្រុង Austin ក្នុងរដ្ឋតិចសាស់ (Texas) ដើម្បីចំណាយពេលវេលារស់នៅជួបជុំគ្រួសារដ៏ធំរបស់លោក ដែលមានកូនយ៉ាងតិចចំនួន១១នាក់។
យោងតាមប្រភពដែលដកស្រង់ដោយកាសែត New York Times បានឱ្យដឹងថា លោក Elon Musk បានទិញវិមានរចនាប័ទ្ម Tuscan ទំហំ១៤.៤០០ហ្វីតការ៉េ និងផ្ទះដែលមានបន្ទប់គេងចំនួន៦ នៅពីក្រោយវិមាននេះ។
ដើម្បីធានាឯកជនភាព លោក Elon Musk បានឱ្យអ្នកលក់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនបង្ហាញព័ត៌មានជាច្រើន ហើយលោកបានទិញអចលនទ្រព្យខាងលើនេះក្នុងទំហំទឹកប្រាក់ខ្ពស់ជាងតម្លៃទីផ្សារចំនួន៧០ភាគរយ។
លោក Elon Musk មានបំណងចង់ឱ្យភរិយាចំនួន២រូបរបស់លោក រួមមានលោកស្រី Shivon Zilis នាយកប្រតិបត្តិក្រុមហ៊ុន Neuralink និងតារាចម្រៀងអ្នកនាង Grimes រស់នៅផ្ទះនេះ ព្រោះលោកមានបំណងចំណាយពេលវេលាឱ្យបានកាន់តែច្រើនជាមួយកូនតូចៗរបស់លោក និងជំរុញទំនាក់ទំនងរវាងពួកគេ។
លោក Elon Musk វ័យ៥៣ឆ្នាំមានទ្រព្យសម្បត្តិសរុបចំនួន២៦៨,៨ពាន់លានដុល្លារគិតត្រឹមថ្ងៃទី២៦ ខែតុលា។នេះបើយោងតាមទស្សនាវដ្ដី Forbes។ នាយកប្រតិបត្តិក្រុមហ៊ុនយក្ស Tesla រូបនេះ បានអះអាងជាយូរមកហើយអំពីតម្រូវការបង្កើនអត្រាកំណើត ដើម្បីទប់ទល់នឹងការថយចុះនៃចំនួនប្រជាជននៅលើពិភពលោក។
ជាក់ស្ដែង រូបលោក Elon Musk ផ្ទាល់មានកូនភ្លោះអាយុ២ឆ្នាំជាមួយលោកស្រី Zilis ព្រមទាំងត្រូវបានគេរាយការណ៍ថា លោក និងភរិយារូបនេះបានទទួលសមាជិកម្នាក់ទៀតកាលពីដើមឆ្នាំ២០២៤។
ដោយឡែក លោក Elon Musk ក៏មានកូនជាមួយតារាចម្រៀងអ្នកនាង Grimes ចំនួន៣នាក់ផងដែរ ។ ចំណែក ភរិយាទីមួយរបស់លោក ដែលមានឈ្មោះថា “Justine” មានកូនចំនួន៥នាក់៕ប្រភព: Vnexpress៕