ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកសំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំគណៈកម្មការ តម្រង់ទិសកម្មវិធី (Program Steering Committee) លើកទី២ នៃកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលអូស្រ្តាលី។
កម្មវិធីនេះក៏មានការចូលរួមពីលោករស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Andreas Zurbrugg នាយកផ្នែកសហប្រតិបត្តិការ នៃស្ថានទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំនេះ។
ក្នុងកិច្ចប្រជុំនេះ លោកសំហេង បូរ៉ា បានលើកឡើងអំពីការងារអាទិភាព របស់ក្រសួងពាណិជ្ជកម្ម សម្រាប់កម្មវិធី CAPRED និងបានចូលរួមក្នុងការផ្តល់មតិ លើការអនុម័តរបាយការណ៍វឌ្ឍនភាពរបស់កម្មវិធី CAPRED ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៣ និងខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានចូលរួមផ្តល់ការអនុម័ត លើផែនការសកម្មភាព ដែលគិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ សម្រាប់ការបន្តអនុវត្តកម្មវិធីផងដែរ៕