តើការជួលការិយាល័យនៅទីក្រុងគូឡាឡាំពួរ ទីក្រុងហ្សាការតា និងទីក្រុងសិង្ហបុរីមានតម្លៃប៉ុន្មាននៅត្រីមាសទី៣?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារការិយាល័យ នៅក្នុងបណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ានមានការប្រែប្រួល អាស្រ័យលើបរិបទនៃប្រទេសនីមួយៗ។

ខាងក្រោមនេះ ជាតម្លៃជួលការិយាល័យ ក្នុងទីក្រុងរបស់បណ្តាប្រទេសចំនួន៣ ក្នុងតំបន់អាស៊ាន នៅត្រីមាសទី៣ ឆ្នាំ២០២៤:។

ទី១: ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

តម្លៃជួលការិយាល័យគ្រប់កម្រិតជាមធ្យម នៅក្នុងតំបន់ Greater Kuala Lumpur ទាំងមូលបានថយចុះ០,៦២ភាគរយ មកនៅត្រឹម១,៤២ដុល្លារ ក្នុងមួយហ្វីតការ៉េ ក្នុងមួយខែធៀបនឹងត្រីមាសទី២។ នេះបើយោងតាមក្រុមហ៊ុន ប្រឹក្សាអចលនទ្រព្យ Cushman &Wakefield។

តម្លៃជួលការិយាល័យជាមធ្យម នៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD) នៃទីក្រុងគូឡាឡាំពួរ និងតំបន់ជាយក្រុងគូឡាឡាំពួរ (Fringe) បានថយចុះមកនៅត្រឹម១,៦០ដុល្លារអាមេរិក និង១,៥៣ដុល្លារក្នុងមួយហ្វីតការ៉េរៀងគ្នា។

ចំណែក អត្រាការិយាល័យទំនេរជាមធ្យម បានកើនឡើងសន្សឹមៗដល់២៨,៣៧ភាគរយ ដោយសារការចាក់បញ្ចូលអគារការិយាល័យ ដែលទើបសាងសង់រួចរាល់ថ្មីៗ ទៅក្នុងទីផ្សារ។

ទី២: ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី

តម្លៃជួលការិយាល័យកម្រិត A ជាមធ្យមនៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD) នៃទីក្រុងហ្សាការតា បានធ្លាក់ចុះមកនៅត្រឹម២៣៦.៤៣២រូពៀ (ប្រហែល១៥,២៦ដុល្លារ)ក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី៣ ឆ្នាំ២០២៤ បើធៀបនឹង២៣៨.៩៣៧រូពៀ(ប្រហែល១៥,៤២ដុល្លារ)នៅត្រីមាសទី៣ ឆ្នាំមុន។

ចំណែក អត្រាគ្របដណ្តប់ការប្រើប្រាស់ ការិយាល័យកម្រិ​តA សរុបនៅតំបន់ CBD បានថយចុះមក នៅត្រឹម៧៦,៤ភាគរយនៅត្រីមាសទី៣ ឆ្នាំ២០២៤ បើធៀបនឹងអត្រា៧៧,៨ភាគរយនៅត្រីមាសទី៣ ឆ្នាំ២០២៣។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers។

ទី៣: ប្រទេសសិង្ហបុរី

តម្លៃជួលការិយាល័យកម្រិត A ជាមធ្យមនៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD) នៃទីក្រុងសិង្ហបុរី បានកើនឡើង០,៨ភាគរយធៀបនឹងឆ្នាំមុន ដល់១១,៩៥ដុល្លារសិង្ហបុរី (ប្រហែល៩,១ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េនៅត្រីមាសទី៣ ឆ្នាំនេះ។

ចំណែក អត្រាការិយាល័យទំនេរកម្រិតA ក្នុងតំបន់ CBD បានកើនឡើងដល់៧,៨ភាគរយ នៅត្រីមាសទី៣ធៀបនឹងអត្រា៦,១ភាគរយ នៅត្រីមាសទី២ និងអត្រា៣,៦ភាគរយ នៅឆ្នាំនេះ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE៕ប្រភព:Colliers និងCushman &Wakefield៕