ដោយៈ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវជា រដ្ឋា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី “អត្ថប្រយោជន៍ក្នុងការចូលរួមវេទិកា ពាណិជ្ជកម្មឌីជីថលកម្ពុជា លើកទី១ និងពិព័រណ៍អនឡាញ”។
កិច្ចប្រជុំកាលពីចុងសប្តាហ៍មុននេះ មានវត្តមានអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ឋ និងតំណាងមកពីវិស័យឯកជនជាច្រើនរូប។
លោកជំទាវ ជា រដ្ឋា បានឲ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពី អត្ថប្រយោជន៍ដែលទទួលបានពីការចូលរួម “វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ” ដែលជាព្រឹត្តិការណ៍ដំបូងគេបង្អស់ នៅកម្ពុជា និងជាកម្មវិធីអមពិព័រណ៏ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧។
លោកជំទាវបន្ដថា កម្មវិធីទាំង២នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅបុរីប៉េងហួត បឹងស្នោរ រាជធានីភ្នំពេញ ក្នុងគោលបំណងជំរុញការបង្កើតថ្មី លើកកម្ពស់វិស័យពាណិជ្ជកម្ម ឌីជីថលនៅកម្ពុជា និងគាំទ្រការជំរុញផលិតផលក្នុងស្រុកឈានទៅកាន់សកលលោក។
កម្មវិធីខាងលើនេះ ធ្វើឡើងក្រោមប្រធានបទ “ផលិតផលកម្ពុជា ឆ្ពោះទៅកាន់ពាណិជ្ជកម្មសកល” From Cambodian Made to Global Trade (Cambodian2Global) នឹងបង្ហាញពីភាពរីកចម្រើននៃតួនាទីរបស់កម្ពុជា នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល ព្រមទាំងជំរុញឱ្យមានភាពរីកចម្រើន នៃវិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា។
សហគ្រិនកម្ពុជាទាំងអស់ អាចចូលរួមសហការក្នុងការដាក់តាំងបង្ហាញលក់ ផលិតផលជាតិខ្មែរ ចូលទៅក្នុងទីផ្សារជាតិ និងអន្តរជាតិ តាមរយៈបណ្ដាញ CambodiaTrade.com ក្នុងឱកាសពិព័រណ៍ខាងមុខនេះ។
អ្នកចូលរួមនឹងទទួលបាននូវបទពិសោធន៍ថ្មីៗ គួរឱ្យកត់សម្គាល់សំរាប់អនាគត នៃអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងរបៀបបង្កើតទំនុកចិត្តជាមួយអតិថិជន ដូចជា កម្មវិធីពាណិជ្ជកម្មឌីជីថល និងAI ការការពារអ្នកប្រើប្រាស់ ការការពារទិន្នន័យ, សញ្ញាទុកចិត្តសម្រាប់ eCommerce, ជាពិសេស ក៏មានកម្មវិធីជជែកដេញដោល របស់យុវជន នៅក្នុងប្រធានបទពាណិជ្ជកម្មឌីជីថល កម្មវិធី E-Commerce Awards Night និងអបអរសាទរសមិទ្ធផល ក្នុងវិស័យពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាផងដែរ៕