សម្តេចបវធិបតី ប្រាប់ឲ្យកងទ័ពជើងគោកត្រៀមចូលរួមជាមួ​យ​​កងរាជអាវុធហត្ថ និងកងនគបាលជាតិ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបទល្មើសនានា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៃកងទ័ពជើងគោក។

សម្តេចបវរធិបតី បានកោតសរសើរ ចំពោះសកម្មភាពដ៏រស់រវើក ស្មោះត្រង់របស់ថ្នាក់ដឹកនាំ និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ទូទាំងកងពលតូចលេខ៧០ ក្នុងបុព្វហេតុរួមចំណែកអភិវឌ្ឍកម្ពុជា និងការចូលរួមថែរក្សាការពារ ដល់សុខសន្តិភាព ស្ថិរភាពជាតិ សណ្ដាប់ធ្នាប់សង្គម ដែលស័ក្តិសម ជាទីពឹងរបស់ប្រជាជន និងសង្គមជាតិកម្ពុជា។

​ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចនាយករដ្ឋមន្រ្តី បានសង្កត់បញ្ជាក់ថា កងយោធពលខេមរភូមិន្ទ មិនត្រឹមតែជាកម្លាំ​ងស្នូល ទទួលរ៉ាប់រងការងារថែរក្សា ការពារបូរណភាពទឹកដី និងរួមចំណែក ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយខ្លួន ជាកម្លាំងយ៉ាងរ៉ឹងមាំ ជួយរក្សាសន្តិភាពនៅបណ្តាប្រទេសមួយចំនួន តាមការស្នើរបស់អង្គការសហប្រជាជាតិ ដែលគិតចាប់តាំងពីឆ្នាំ២០០៥ មកដល់ពេលនេះ កងទ័ពមួកខៀវកម្ពុជា ប្រមាណជិត១ម៉ឺននាក់ បានបញ្ជូនទៅកាន់១០ប្រទេស ដើម្បីចូលរួមបេសកកម្មរក្សាសន្តិភាពពិភពលោក ។

ទន្ទឹមនេះ ខណៈដែលមានប្រទេសមួយចំនួន កំពុងជួបបញ្ហាសង្គ្រាម និងអសន្តិសុខ សម្តេចមហាបរវធិបតី បានលើកឡើងពីភាពចាំបាច់ ដល់ការថែរក្សាសុខសន្តិភាព ឱ្យបានជាដាច់ខាតនៅកម្ពុជា ព្រោះនេះជាមូលដ្ឋានគ្រឹះសំខាន់បំផុតសម្រាប់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន ជាមួយនឹងការចូលរួមចំណែក ដ៏សំខាន់ពីសំណាក់កងទ័ព ដែលជាតួអង្គមួយទាំងក្នុងការបង្កើតសង្គ្រាម បញ្ចប់សង្គ្រាម និងការពារសុខសន្តិភាព ។  

សម្តេចមហាបរវធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់ជានិច្ច ចំពោះប្រជាជន ក៏ដូចជា កងទ័ពកម្ពុជាដែលកំពុងស្នាក់នៅ និងបំពេញបេសកកម្ម នៅក្នុងបណ្តាប្រទេស ដែលកំពុងមានសង្គ្រាម ។ ជាពិសេស ក្នុងពេលថ្មីៗនេះ សម្តេចបវរធិបតី បានបញ្ជាឱ្យផ្អាកការបញ្ជូននិស្សិតខ្មែរ ទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល និងបានណែនាំឱ្យតាមដានជាប់ជាប្រចាំ ពីសុវត្ថិភាពរបស់និស្សិតខ្មែរ ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែលចំនួន ២២០នាក់ និងត្រៀមផែនការមួយចំនួន ក្នុងករណីចាំបាច់ ពិសេសសម្រាប់អ្នករស់នៅ ក្នុងតំបន់ដែលមានហានិភ័យខ្លាំង។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បានផ្តល់គោលការ​ណ៍ទៅក្រសួងការពារជាតិ ពាក់ព័ន្ធកងទ័ពមួកខៀវកម្ពុជានៅប្រទេសលីបង់ ក្នុងករណីមានការជម្លៀស កម្លាំងចេញពីតំបន់មានសង្គ្រាម ដោយធ្វើយ៉ាងណាធានា ឱ្យបានសុវត្ថិភាពអាយុជីវិតកងកម្លាំងរបស់យើងនៅទីនោះ ។

ពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ សម្តេចបវរធិបតី បានស្នើក្រសួងការពារជាតិ បន្តយកចិត្តទុកដាក់លើការហ្វឹកហ្វឺន ជាកត្តាអាទិភាព ព្រោះការហ្វឹកហ្វឺនជាការផ្ទេរបទពិសោធន៍ និងចំណេះដឹងក្នុងជួរកងទ័ព តាមរយៈការពង្រឹងឯកសារយោធាចារ្យ និងសាលាហ្វឹកហ្វឺន  ជាពិសេសក្បាច់គុនកងយោធពលខេមរភូមិន្ទ ដែលផ្តល់ផលយ៉ាងហោច៣យ៉ាង គឺ៖ ១. ដើម្បីបំពេញលើយុទ្ធវិធីសំខាន់ៗ ដោយប្រើប្រាស់អាវុធធម្មជាតិ ក្នុងកាលៈទេសៈចាំបាច់, ២. ដើម្បីរក្សាសុខភាពរឹងមាំ និង៣ ដើម្បីចូលរួមភិរ័ក្ស និងជំរុញការផ្សព្វផ្សាយនូវក្បាច់គុនរបស់បុព្វបុរសយើង ។

សម្តេចមហាបរវធិបតី បានបញ្ជាឱ្យកងទ័ពជើងគោកត្រៀមចូលរួមជាមួយកងរាជអាវុធហត្ថ និងកងនគរបាលជាតិ ដើម្បីទប់ស្កាត់នូវរាល់បទល្មើស ធនធានធម្មជាតិ និងបទល្មើសនានា ។

សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា “ដើម្បីធានាដល់សន្តិសុខជាតិ នាពេលខាងមុខ ដែលឆ្លើយតបទៅនឹងការប្រែប្រួលស្ថានភាពនៃបទល្មើស ទាមទាឱ្យមានការយកចិត្តទុកខ្ពស់ និងបង្កើនកម្លាំងអនុវត្តន៍ ច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនោះ ដែលនាំមកនូវហានិភ័យ និងប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខជាតិ”៕