លោកឧកញ៉ាចេង ខេងអះអាងថា ក្រុមភ្នាក់ងារអចលនទ្រព្យមិនផ្លូវការមួយចំនួនចាប់ផ្តើមរត់រកច្បាប់

        ដោយៈស៊ីវ ម៉េង

        ភ្នំពេញៈ ស្របពេលមានចលនាលើលកទឹកចិត្ត និងការរឹតបន្តឹងពីនិយ័តករអភិវឌ្ឈន៍អចលនវត្ថុ និងបញ្ចាំ ក្រុមភ្នាក់ងារអចលនវត្ថុមួយចំនួន ដែលធ្វើការមិនស្របច្បាប់ពួកគេបានរត់រកច្បាប់បណ្តើរៗហើយ។

         លោកឧកញ៉ាចេង ខេងសមាជិកក្រុមប្រឹក្សាភិបាលសមា​គមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCPL បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា បន្ទាប់ពីមានការដាក់គំនាបពីនិយ័តករ និងសមាគមបានដាក់ចេញ គោលការណ៍លើកទឹកចិត្តមួយចំនួន បានធ្វើឲ្យក្រុមហ៊ុនភ្នាក់ងារមិនផ្លូវការ ពួកគេរត់រកសមាគម និងនិយ័តករ ដើម្បីទទួល​បានការបំពាក់បំប៉ន មុនឈានទៅសុំច្បាប់ត្រឹមត្រូវ។

         លោកបន្តថា “ក្នុងនាមសមាគម ខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំនិយ័តករអាជីវកម្មអចលនវត្ថុ ដែលបានប្រឹងប្រែង និងដាក់ចេញចំណាត់ការផ្សេងៗលើការងារនេះ ដើម្បីឲ្យភ្នាក់ងារមិនស្របច្បាប់ គោរពច្បាប់ ក្នុងន័យជម្រុញធ្វើឲ្យទីផ្សារនេះមានភាពប្រសើរឡើង និងទទួលបានទំនុកចិត្តខ្ពស់”។

         លោកឧកញ៉ាចេង ខេងបានបន្តថា ការគោរពច្បាប់នឹងជួយជម្រុញទីផ្សារឲ្យរីកចម្រើន និងទទួលបានទំនុកចិត្តពីវិនិយោគិនជាតិ និងអន្តរជាតិឡើងវិញកាន់តែច្រើន ព្រោះការខិតខំប្រឹងប្រែងររបស់សមាគមកន្លងមក គឺដើម្បីជួយលើកកំពស់បរិយាកាសក្នុងទីផ្សារនេះ ឲ្យមានភាពកាន់តែប្រសើរ។

         ជាមួយគ្នានេះ លោកសន សៀបប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកទឹកចិត្ត និងដាក់ចេញគោលការណ៍ “ព”ចំនួន៣ ដើម្បីពង្រឹងបទដ្ឋានការងារអាជីវកម្មនៅក្នុងវិស័យនេះ។

         លោកបន្តថា “យើងគួររួមគ្នាបង្កើតសួនច្បារឲ្យបានស្រស់ស្អាត ដើម្បីទាក់ទាញមេអំបៅ ជាជាងយើងរត់ចាប់មេអំបៅ”៕