ដោយៈគង់ សូរិយា
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចសេរីបំផុតក្នុងពិភពលោក និងជាប្រទេសដំបូងគេក្នុងតំបន់ ដែលបើកចំហរស្ទើរគ្រប់វិស័យ សម្រាប់វិនិយោគិនបរទេស។សម្ដេចថ្លែងបែបនេះ ធ្វើឡើងនៅក្នុងឱកាសសម្តេច អញ្ជើញចូលរួមក្នុងកម្មវិធី អាហារពេលព្រឹកស្វែងរកដៃគូ នៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៅថ្ងៃទី១០ តុលា ឆ្នាំ២០២៤។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ជាសក្ខីភាពដែលបញ្ជាក់ពីភាពរឹងមាំ មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ជាតិ រួមទាំងទីតាំងយុទ្ធសាស្ដ្រ នៅចំកណ្ដាលនៃតំបន់ និងកម្លាំង និងមានជំនាញ ព្រមទាំងប្រសិទ្ធភាពនៃ ការអនុវត្តគោលនយោបាយនានា ។ ក្នុងនោះរាជរដ្ឋាភិបាល បានរក្សានូវអភិក្រមដែលគាំទ្រធុរកិច្ចដោយផ្ដល់ការគាំទ្រ និងជំនួយដល់វិស័យឯកជន នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការអាជីវកម្ម ដោយបានអនុវត្តច្បាប់គោលនយោបាយ និងយុទ្ធសាស្ដ្រគ្រប់គ្រុងជ្រោយ។
សម្ដេចធិបតីហ៊ុន ម៉ាណែតបានបញ្ជាក់ថា “កម្ពុជា ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមាន សេដ្ឋកិច្ចសេរីបំផុតក្នុងពិភពលោក វិនិយោគិនបរទេសអាចបង្កើត គម្រោងវិនិយោគ ជាកម្មសិទ្ធិបរទេស១០០% នៅក្នុងវិស័យជាច្រើន ដោយមិនចាំបាច់ មានតម្រូវការចូលរួមពីភាគីក្នុងស្រុក លើកលែងតែកម្មសិទ្ធិដីធ្លីមួយប៉ុណ្ណោ”។
សម្ដេចធិបតីបន្ថែមទៀតថា កម្ពុជាគឺជាប្រទេសដំបូងគេក្នុងតំបន់ ដែលបើកចំហស្ទើរតែគ្រប់វិស័យ សម្រាប់ការវិនិយោគបរទេស ចាប់តាំងពីឆ្នាំ១៩៩៤ វិនិយោគិនបរទេសអាចផ្ញើរប្រាក់ចំណេញដោយសេរី ទៅកាន់ប្រទេសកំណើតរបស់ពួកគេ។ លើសពីនេះ តាមរយៈច្បាប់ស្ដីពីវិនិយោគនៃកម្ពុជា កម្ពុជាបានផ្ដល់ជូននូវក្របខ័ណ្ឌ លើកទឹកចិត្ដដល់គម្រោងវិនិយោគ រួមជាមួយនឹងការសម្របសម្រួលផ្ដល់សេវាថែទាំ ដោយបានធ្វើសាមញ្ញកម្មនីតិវិធីចុះបញ្ជី និងសេវាក្រោយការអនុម័តគម្រោងវិនិយោគ យ៉ាងទូលំទូលាយដល់វិនិយោគិន៕