ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកឧកញ៉ាចេង ខេងអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានលើកឡើងថា ច្បាប់ គឺការពារមនុស្សស្មោះត្រង់ ពួកយើងមិនគួរបោះបង់ជំនឿទៅលើច្បាប់ទេ។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី១១ តុលានេះថា ពួកយើងរស់នៅក្នុងសង្គមដែលមានច្បាប់ ស្មារតីរបស់ច្បាប់ គឺសម្រាប់ការពារមនុស្សគ្រប់វណ្ណៈ នឹងអ្នករកស៊ីគ្រប់វិស័យ។ ធានាប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់ ន.អ.ប ធានាសមធម៌ និងតុល្យភាពនៃផលប្រយោជន៍រវាងក្រុមហ៊ុន និងអតិថិជន ដែលប្រើសេវាកម្មវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ។
លោកឧកញ៉ាចេង ខេងបានបន្តថា “ការជម្រុញឲ្យមានការគោរពច្បាប់ ក្នុងវិស័យអចលនទ្រព្យ និងទាមទារឲ្យអ្នកនៅក្នុងវិស័យនេះគោរពច្បាប់ និងសុំអាជ្ញាប័ណ្ណត្រឹមត្រូវមានសារៈសំខាន់ណាស់”។ លោកបន្តថា “យើងចង់រក្សាបានសណ្តាប់ធ្នាប់ នៅក្នុងទីផ្សារអចលនវត្ថុរបស់ពួកយើង យើងមិនគួរណាប្រើវិធីរកលុយដោយមិនគោរពច្បាប់ មិនគោរពគោលការណ៍ របស់សមាគម CVEA ដែលជាសម្ពន្ធ័ស្មារតីរួបរួមក្នុងវិស័យរបស់ខ្លួននោះឡើយ”។
លោកឧកញ៉ាបានបន្តថា អ្នកនៅក្នុងវិស័យនេះ ដែលគ្មានអាជ្ញាប័ណ្ណ ក៏មិនគួរណាប្រើវិធីខុសច្បាប់ ទៅបិទបាំងភាពស្មោះត្រង់នោះដែរ។ ថ្នាក់ដឹកនាំរបស់ CVEA គួរតែហ៊ានបើកទំពរ័ប្រវត្តិសាស្រ្តនេះ សម្រាប់អ្នកជំនាន់ក្រោយរបស់ពួកយើង ពួកយើងជាមេដឹកនាំ អាចរកបធ្យោបាយ ដើម្បីឱ្យពួកគេទាំងអស់គ្នាយល់ដឹងពីសេចក្តីថ្លៃថ្នូរ គោលបំណង នឹងសេចក្តីប្រាថ្នាចង់មានសុភមង្គល និងភាពមានស្តុកស្តម្ភរបស់ពួកគេម្នាក់ៗ។
លោកឧកញ៉ាចេង ខេង បានបន្តថា បើអ្នកណាល្មើសស្មារតីរួបរួម នឹងល្មើសច្បាប់ ដើរខុសបទបញ្ជាផ្ទៃក្នុងរបស់សមាគម នោះសមាជិកនឹងទទួលរងភាពអយុទ្ធតិធម៌ អ្នកមានលុយ អ្នកមានអំណាច អ្នកប្រព្រឹតកំហុសកាន់តែច្រើនឡើង ដែលមានឥទ្ធិពលមកដល់ពួកយើង ហើយពួកគាត់ នឹងយកច្បាប់ជាឧបករណ៍ បម្រើឲ្យផលប្រយោជន៍របស់ពួកគាត់ ពេលនោះសង្គមយើង នឹងទៅជាយ៉ាងណា ស្មារតីរបស់ច្បាប់ ស្មារតីរបស់ CVEA ក៏រលាយទៅតាមនោះដែរ៕