តម្លៃជួលអាផាតម៉ិននៅទីក្រុងហូជីមិញ ហក់ឡើងយ៉ាងគំហុក

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃជួលអាផាតម៉ិន (Serviced Apartment)រយៈពេលខ្លី នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម បានកើនឡើងចន្លោះពី១០% ទៅ១៥% នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ការជួលអាផាតម៉ិន ប្រភេទStudio នៅក្នុងសង្កាត់លេខ១ សង្កាត់លេខ៤ សង្កាត់លេខ៧ សង្កាត់Phu Nhuan និងសង្កាត់ Binh Thanh មានតម្លៃជាមធ្យមចំនួន៨០ម៉ឺនដុង (៣២,៥ដុល្លារអាមេរិក) ក្នុងមួយយប់ កើនឡើង១៧,៣% ធៀបនឹងដំណាច់ចុងឆ្នាំមុន។

ចំណែកការជួលអាផាតម៉ិន ប្រភេទPremium បានកើនឡើងជាង១០% ដល់១,២លានដុងទៅ១,៥លានដុង ក្នុងមួយយប់ និង១,៧លានដុងទៅ២,៤លានដុង សម្រាប់ការជួលអាផាតម៉ិន មានបន្ទប់គេងចំនួនមួយ និងបន្ទប់គេងចំនួន២។

លោក Nguyen Quoc Dung អ្នកគ្រប់គ្រងក្រុមហ៊ុនមួយរូបដែលបានជួលអាផាតម៉ិននៅផ្លូវ Truong Quoc Dung នៃសង្កាត់ Phu Nhuan បានលើកឡើងថា តម្លៃជួលអាផាតម៉ិនប្រចាំថ្ងៃត្រូវបានដំឡើង ប៉ុន្តែតម្លៃជួលប្រចាំខែ នៅតែមានស្ថិរភាពក្នុងកម្រិតចាប់ពី១៤លានដុង ទៅ២៧លានដុងក្នុងមួយខែ។

យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills បានឱ្យដឹងថា តម្លៃជួលជាមធ្យមសម្រាប់អាផាតម៉ិន នៅទីក្រុងហូជីមិញបានកើនឡើង១% ក្នុងត្រីមាសទីពីរ ហើយអត្រាគ្របដណ្តប់ការស្នាក់នៅ ជាមធ្យមមានអត្រា៧៩ភាគរយ។

លោក Le Van Binh តំណាងក្រុមហ៊ុនមួយមានជំនាញផ្នែកសេវាកម្មអាផាតម៉ិន បានលើកឡើងថា តម្លៃជួលកំពុងកើនឡើង ដោយសារតែថ្លៃដើមខ្ពស់ និងការកើនឡើងនៃតម្រូវការស្នាក់នៅរយៈពេលវែងរបស់អ្នកស្រុក និងភ្ញៀវទេសចរណ៍។

លោកស្រី Cao Thi Thanh Huong អ្នកគ្រប់គ្រងជាន់ខ្ពស់នៃការស្រាវជ្រាវនៅក្រុមហ៊ុន Savills ប្រចាំទីក្រុងហូជីមិញ បានអះអាងថា ការកើនឡើងជាលំដាប់ នៃតម្រូវការស្នាក់នៅរយៈពេលវែងពីភ្ញៀវបរទេស បានផ្តល់ឱ្យម្ចាស់អចលនទ្រព្យនូវទំនុកចិត្តកាន់តែច្រើន ក្នុងការដំឡើងតម្លៃជួល។

ចំណែក លោក Troy Griffiths នាយករងគ្រប់គ្រងក្រុមហ៊ុន Savills Vietnam បានអះអាងថា អាផាតម៉ិន ប្រភេទធម្មតាកំពុងប្រឈមមុខ នឹងការប្រកួតប្រជែងយ៉ាងខ្លាំង ពីអាផាតម៉ិនផ្តល់សេវាកម្ម៕ប្រភព: Vnexpress៕