តម្លៃការិយាល័យនៅតំបន់រដ្ឋបាលពិសេសហុងកុងបន្តធ្លាក់ចុះ ធ្វើឲ្យអតិថិជនមានឱកាសខ្ពស់ក្នុងការចរចា

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារ​ជួល​ការិយាល័យ​ នៅទីក្រុងហុងកុង​កំពុងស្ថិត​ក្នុង​ស្ថានភាពគួរ​ឲ្យ​ព្រួយ​បារម្ភ ខណៈចំនួនជិត១ភាគ៥នៃអគារការិយាល័យ នៅទូទាំងទីក្រុងសុទ្ធតែស្ថិតនៅទំនេរ ហើយតម្លៃជួលបានធ្លាក់ចុះ ដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីក្នុងឆ្នាំ២០១៥។

អ្នកអភិវឌ្ឍន៍អគារការិយាល័យធំៗ ក្នុងទីក្រុងរួមមានក្រុមហ៊ុន Sun Hung Kai Properties ក្រុមហ៊ុន Hongkong Land និងក្រុមហ៊ុន SEA Holdings បានផ្គត់ផ្គង់ការិយាល័យលើសតម្រូវការ ខណៈអាជីវកម្មនានា មិនទាន់ស្ទុះងើបឡើងវិញ លឿននៅឡើយ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានប៉ាន់ប្រមាណថា ក្រុមហ៊ុនទាំង៣ខាងលើ និងដៃគូ គ្រោងផ្គត់ផ្គង់ទំហំការិយា​ល័យថ្មី បន្ថែមប្រហែល៣លានហ្វីតការ៉េ (២៧៨.៧០៩ម៉ែត្រការ៉េ) ចូលទៅកាន់ទីផ្សារនៅឆ្នាំក្រោយ។ 

ការណ៍នេះត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​ឱ្យ​ស្ថានភាព​នៃការផ្គត់ផ្គង់​ការិយាល័យលើស​តម្រូវការ ​វិវត្តន៍កាន់​តែ​អាក្រក់​ឡើង ខណៈអត្រាការិយាល័យទំនេរ នៅ​ទូទាំង​ទីក្រុងនាពេលបច្ចុ​ប្បន្ន​ បានកើនឡើងដល់កម្រិត​ខ្ពស់​បំផុតចំនួន១៧ភាគរយ​។

លោក Marcos Chan ប្រធានទទួលបន្ទុកផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE ប្រចាំទីក្រុងហុងកុងបានលើកឡើងថា ការផ្គត់ផ្គង់លើសតម្រូវការ នឹងធ្វើឱ្យទីផ្សារការិ​យាល័យ នៅតែជាទីផ្សាររបស់អ្នកជួល នៅឆ្នាំ២០២៥ខាងមុខ។

លោក Marcos Chan បានធ្វើការព្យាករណ៍ថា “ការផ្គត់ផ្គង់ថ្មីនឹងធ្វើឱ្យអត្រាការិយាល័យទំនេរ កើនឡើងកាន់តែខ្ពស់នៅដំណាច់ចុងឆ្នាំ២០២៥។ ចំណែកតម្លៃជួលត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ប្រហែល៥ភាគរយទៀតនៅឆ្នាំក្រោយ”៕ ប្រភព: SCMP៕