ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិកគ្រោងកាត់បន្ថយការចំណាយ ខណៈកូដកម្មធ្វើឱ្យខ្លួនខាតបង់រាប់លានដុល្លារ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់សហរដ្ឋអាមេរិកគ្រោងកាត់​បន្ថយ​ការ​ចំណាយ​ តាមរយៈការផ្អាក​ជ្រើសរើស​បុគ្គលិកបន្ថែម និង​ពិចារណា​​បញ្ឈប់​ការងារ​មួយចំនួនជាបណ្ដោះអាសន្ន ដើម្បី​ដោះស្រាយ​បញ្ហាកូដកម្មដ៏រ៉ាំរ៉ៃ។

បច្ចុប្បន្ន ការបន្តធ្វើកូដកម្មរបស់កម្មករជាង៣០.០០០នាក់ កំពុងជះផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិក។
 
តាមរយៈលិខិតមួយផ្ញើទៅកាន់បុគ្គលិក លោក Brian West ប្រធានទទួលបន្ទុកផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុន Boeing បានគូសបញ្ជាក់ថា កូដកម្មនាពេលបច្ចុប្បន្ន បានជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការស្តារឡើងវិញរបស់ក្រុមហ៊ុន។ លោកក៏បានទាមទារឱ្យមានការចាត់វិធានការចាំបាច់ ដើម្បីការពារដើមទុន និងធានាឱ្យបាននូវអនាគតរបស់ក្រុមហ៊ុនមួយនេះ។
 
ជាមួយគ្នានេះ ក្រុមហ៊ុន Boeing ក៏គ្រោងផ្អាកការបញ្ជាទិញគ្រឿងបន្លាស់ជាច្រើនសម្រាប់កម្មវិធីផលិតយន្តហោះប្រភេទ Boeing 737 យន្តហោះ Boeing 767 និងយន្តហោះ Boeing 777។
 
ការផ្អាកការបញ្ជាទិញគ្រឿងបន្លាស់សម្រាប់កម្មវិធីផលិតយន្តហោះភាគច្រើនរបស់ក្រុមហ៊ុន Boeing បានក្លាយជាការសម្រេចចិត្តដ៏កម្រមាន។ ការណ៍នេះនឹងបណ្តាលឱ្យមានបញ្ហាកង្វះយន្តហោះនៅក្នុងឧស្សាហកម្មអាកាសចរណ៍។

កាលពីពេលថ្មីៗកន្លងមក កម្មកររោងចក្រ Boeing Group នៅទីក្រុង West Coast របស់សហរដ្ឋអាមេរិក បានបន្តចុះតាមដងផ្លូវធ្វើកូដកម្មនៅថ្ងៃទី១៣ ខែកញ្ញា ក្រោយពីកម្មករប្រមាណ៩៦ភាគរយនៅទីក្រុង Seattle និងទីក្រុង Portland បានបោះឆ្នោតគាំទ្រកូដកម្មនេះ ជំនួសឱ្យការទទួលយកកិច្ចសន្យាថ្មីរបស់ក្រុមហ៊ុន។
 
កិច្ចសន្យាថ្មីរបស់ក្រុមហ៊ុនយក្ស Boeing បានចែងពីគោលដៅបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅក្នុងតំបន់ Puget Sound និងការដំឡើងប្រាក់ឈ្នួលចំនួន២៥ភាគរយសម្រាប់កម្មករក្នុងរយៈពេល៤ឆ្នាំ។
 
យ៉ាងណាមិញ កម្មករភាគច្រើនបានបង្ហាញការមិនពេញចិត្តចំពោះការដំឡើងប្រាក់បៀវត្សរ៍ក្នុងអត្រា២៥ភាគរយ បើធៀបនឹងការស្នើសុំដំឡើង៤០ភាគរយ ហើយកិច្ចសន្យាថ្មីនោះក៏បានលុបចោលផងដែរនូវការផ្តល់ប្រាក់រង្វាន់ប្រចាំឆ្នាំ ។
 
លោក Chris Olin អ្នកជំនាញនៅក្រុមហ៊ុន Northcoast Research បានលើកឡើងថា ក្រុមហ៊ុន Boeing ប្រហែលជាត្រូវកាត់បន្ថយចំនួនយន្តហោះចន្លោះពី៣៣គ្រឿងទៅ៣៥គ្រឿងចេញពីផែនការផលិតកម្មរបស់ខ្លួន ដោយសារតែកូដកម្មបានបណ្តាលឱ្យក្រុមហ៊ុនខាតបង់ប្រាក់ចំណូលប្រមាណ១០២លានដុល្លារក្នុងមួយថ្ងៃ៕ប្រភព: Fortune៕