ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចដាក់បម្រាមផ្អាកការសាងសង់សណ្ឋាគារ វីឡា និងក្លឹបរាត្រី នៅតំបន់មួយចំនួនលើកោះបាលី ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងការអភិវឌ្ឍន៍អគារច្រើនហួសកម្រិត។
លោកស្រី Hermin Esti មន្ត្រីជាន់ខ្ពស់នៃក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគឥណ្ឌូនេស៊ី បានបញ្ជាក់ប្រាប់សារពត៌មាន Reuters ថា រដ្ឋាភិបាលបានយល់ព្រមកំណត់ការផ្អាកនេះ។ប៉ុន្តែពេលវេលាពិតប្រាកដកំពុងស្ថិតក្នុងកិច្ចពិភាក្សានៅឡើយ។
លោក Sang Made Mahendra Jaya អភិបាលស្តីទីរបស់កោះបាលី បានអះអាងថា លោកបានស្នើឱ្យរដ្ឋាភិបាលដាក់បម្រាមផ្អាកការសាងសង់អគារនៅតំបន់មមាញឹកចំនួន៤លើកោះបាលី ដោយសារតំបន់ទាំងនេះមានការអភិវឌ្ឍន៍អគារពាណិជ្ជកម្មច្រើនហួសហេតុ ដូចជាសណ្ឋាគារ វីឡា និងក្លឹបជាដើម។
យ៉ាងណាមិញ ជុំវិញបញ្ហានេះ ខុទ្ទកាល័យអភិបាលកោះបាលី និងក្រសួងទេសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ី ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
លោក Luhut Pandjaitan រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការដែនសមុទ្រ និងការវិនិយោគឥណ្ឌូនេស៊ី ត្រូវបានដកស្រង់សម្តីដោយគេហទំព័រព័ត៌មាន Detik មកចុះផ្សាយថា ការដាក់បម្រាមអាចអូសបន្លាយចំនួន១០ឆ្នាំ។
លោក Luhut ធ្លាប់បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ន ជនបរទេសប្រហែល២០០.០០០នាក់កំពុងរស់នៅក្នុងកោះបាលី និងបានរួមចំណែកបង្កើតបញ្ហានានាដូចជាឧក្រិដ្ឋកម្ម ការអភិវឌ្ឍន៍ច្រើនហួសហេតុ និងការប្រកួតប្រជែងនៅក្នុងទីផ្សារការងារ។
ការមកដល់របស់ជនបរទេសនៅកោះបាលីបានកើនឡើង ចាប់តាំងពីរដ្ឋាភិបាលឥណ្ឌូនេស៊ី បានសម្រេចបើកទ្វារប្រទេសឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត។ ភ្ញៀវទេសចរណ៍បរទេសមួយចំនួនបានបង្ហោះវីដេអូបង្ហាញអាកប្បកិរិយាមិនសមរម្យ។ ការណ៍នេះបានធ្វើឱ្យអ្នកស្រុកខឹងសម្បា និងបង្កឱ្យមានការឆ្លើយតបយ៉ាងគំហុកពីអ្នកប្រើប្រាស់បណ្ដាញសង្គមក្នុងប្រទេសឥណ្ឌូនេស៊ី។
យោងតាមតួលេខរបស់រដ្ឋាភិបាលបង្ហាញថា ភ្ញៀវបរទេសចំនួន២,៩លាននាក់បានធ្វើដំណើរមកដល់អាកាសយានដ្ឋានកោះបាលីក្នុងឆមាសទីមួយឆ្នាំនេះ ឬស្មើនឹងចំនួន៦៥% នៃចំនួនភ្ញៀវបរទេសសរុបទាំងអស់ទូទាំងប្រទេសឥណ្ឌូនេស៊ី។
កាលពីឆ្នាំមុន នៅកោះបាលីមានសណ្ឋាគារសរុបចំនួន៥៤១ទីតាំង កើនឡើងពីសណ្ឋាគារចំនួន៥០៧ទីតាំងនៅក្នុងឆ្នាំ២០១៩៕ប្រភព: Vnexpress៕