ដោយ: គង់ លាងហួរ
អន្តរជាតិ: ទស្សនាវដ្ដី World Wild Schooling ដែលមានមូលដ្ឋាននៅទីក្រុងប្រុចស៊ែល ប្រទេសប៊ែលហ្សិក បានចុះផ្សាយអំពីរមណីយដ្ឋានទេសចរណ៍ដ៏ស្រស់ស្អាតចំនួន១២ នៅតំបន់អាស៊ាន ដែលគួរតែស្ថិតនៅក្នុងបញ្ជីរបស់អ្នកដំណើរគ្រប់រូប។
ក្នុងចំណោមនោះ រមណីយដ្ឋានបុរាណអង្គរស្ថិតនៅលើទឹកដីនៃខេត្តសៀមរាបបានឈរនៅលេខរៀងទី៣ បន្ទាប់ពីឆ្នេរសមុទ្រ Ha Long របស់ប្រទេសវៀតណាម និងឆ្នេរសមុទ្រ Boracay របស់ប្រទេសហ្វីលីពីន។
ទស្សនាវដ្ដីខាងលើសរសេរថា ប្រាសាទអង្គរវត្តជាប្រាសាទមួយដែលត្រូវបានសាងសង់ឡើងក្នុងសតវត្សទី១២។ ប្រាសាទនេះត្រូវបានចាត់ទុកជាស្នាដៃស្ថាបត្យកម្មខ្មែរ និងជានិមិត្តរូបនៃប្រវត្តិសាស្ត្រដ៏ធំធេងរបស់កម្ពុជា និងជារមណីយដ្ឋានបុរាណវិទ្យាដ៏សំខាន់បំផុតមួយនៅតំបន់អាស៊ាន។
រមណីយដ្ឋានប្រាសាទអង្គរវត្តគ្របដណ្តប់លើផ្ទៃដីជាង១៦០ហិកតា ដោយលោកអ្នកអាចចំណាយពេលជាច្រើនថ្ងៃដើម្បីស្វែងយល់។ ប៉ុន្តែ ប្រាសាទអង្គរវត្តផ្តល់ជូនអ្វីៗជាច្រើន ដែលលោកអ្នកមិនអាចទស្សនាអស់។
ទោះយ៉ាងណា ប្រសិនបើលោកអ្នកសម្រេចចិត្តស្នាក់នៅតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូមួយនេះក្នុងរយៈពេលវែង នោះអ្នកអាចក្រោកពីដំណេក ដើម្បីគយគន់មើលថ្ងៃរះចំកំពូលប្រាសាទបានយ៉ាងតិចណាស់ចំនួនមួយដង។
ទស្សនាវដ្ដី World Wild Schooling អះអាងថា លោកអ្នកប្រហែលជាត្រូវប្រជ្រៀតជាមួយហ្វូងមនុស្សមួយចំនួនដើម្បីសម្លឹងមើលថ្ងៃរះ។ ប៉ុន្តែ នេះពិតជាមានតម្លៃណាស់ នៅពេលអ្នកបានឃើញស្រមោលប្រាសាទអង្គរវត្តចាំងទៅលើគូទឹកហ៊ុមព័ទ្ធជុំវិញប្រាសាទ អមជាមួយផ្ទៃមេឃនាពេលព្រឹកព្រលឹមដ៏ក្រហមឆើតឆាយ។
ចំណែក រមណីយដ្ឋានផ្សេងទៀតដែលត្រូវបានចុះផ្សាយនៅក្នុងអត្ថបទរបស់ទស្សនាវដ្ដី World Wild Schooling រួមមាន កោះបាលី និងសួនឧទ្យានជាតិ Komodo របស់ឥណ្ឌូនេស៊ី ខេត្ត Ninh Binh និងតំបន់ជួរភ្នំ Sapa របស់វៀតណាម កោះ Langkawi និងភ្នំ Kinabalu របស់ម៉ាឡេសុី ទីក្រុងហ្លួងព្រះបាងរបស់ឡាវ កោះ Phi Phi របស់ថៃ និងកោះ Palawan របស់ហ្វីលីពីន៕ប្រភព: World Wild Schooling៕